ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា សរុបរយៈពេលពេញមួយសប្តាហ៍ (បូករួមទាំងកំឡុងពិធីបុណ្យភ្ជុំបិណ្ឌ) ភ្ញៀវសរុបមានចំនួន ៩១១,១៤៧នាក់ បានដើរលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា។
ដោយឡែកសម្រាប់ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាឱកាសចុងសប្តាហ៍បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌ គឺនៅថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ គឺមានភ្ញៀវសរុបមានចំនួន ២៤៦,៤៥០នាក់ (កើនឡើងប្រមាណ១១០,៩៦% ធៀបនឹងចុងសប្តាហ៍កន្លងមក) ក្នុងនោះមានភ្ញៀវជាតិ ២៤៤,២២៥នាក់ និងមានភ្ញៀវបរទេសផ្ទៃក្នុង២,២២៥នាក់។
គោលដៅទេសចរណ៍សំខាន់ៗសម្រាប់រយៈពេលពេញមួយសប្តាហ៍នេះ រួមមាន៖
* ខេត្តកំពត មានចំនួន១៤០,១៦៨នាក់
* ខេត្តកែប មាន១១១,៨៤០នាក់
* ខេត្តព្រះសីហនុ មានចំនួន៩៨,២២៩នាក់
* ខេត្តពោធិ៍សាត់ មានចំនួន៧៩,៦៧៨នាក់
* ខេត្តកំពង់ចាម មានចំនួន៦៥,៦៣៩,នាក់
* ខេត្តបាត់ដំបង មានចំនួន៥៤,៩៦៩ នាក់
* ខេត្តកំពង់កំពង់ស្ពឺ មានចំនួន៤៨,១៤៨នាក់
* ខេត្តសៀមរាប មានចំនួន៤៤,១៥៧នាក់
ជាមួយគ្នានេះលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ជាការកត់សម្គាល់រួមមាន៖
* ចំនួនភ្ញៀវទេសចរជាង ៩០ម៉ឺននាក់ ក្នុងរយៈពេលមួយសប្តាហ៍នេះ ជាចំនួនដ៏ច្រើនគិតចាប់ពីមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
* លំហូរភ្ញៀវទេសចរពេញមួយសប្តាហ៍នេះ បង្កើតបានជាចរន្តសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន ពិសេសសម្រាប់វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទូទៅ ខណៈដែលប្រតិបត្តិករទេសចរណ៍នានា បានប្រមើលមើលពីកាលានុវត្តភាពនៃវិស័យទេសចរណ៍ និងបានកំពុងត្រៀមខ្លួន ក៏ដូចជាកែលម្អទម្រង់ធុរកិច្ច និងអាជីវកម្មរបស់ខ្លួនក្នុងគន្លងប្រក្រតីភាព ដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិនាពេលខាងមុខ។
* ទោះបីចំនួនភ្ញៀវមានសន្ទុះខ្លាំងក្នុងរយៈពេលមួយសប្តាហ៍នេះ ប៉ុន្តែសភាពការណ៍ទូទៅជារួម ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ការគ្រប់គ្រងតម្លៃសេវា និងផលិតផល ព្រមទាំងការអនុវត្តវិធានការនានាទប់ស្កាត់ជំងឺកូវីដ១៩ មានភាពល្អប្រសើរច្រើន បើទោះបីមានបញ្ហាចោទឡើងខ្លះ ដូចជាការកកកុញមនុស្សច្រើននៅតាមគោលដៅមួយចំនួន ប៉ុន្តែរដ្ឋបាលមូលដ្ឋានបានចុះពិនិត្យ និងដោះស្រាយបញ្ហាបានទាន់សភាពការណ៍។
* ជាការងារបន្តក្រសួងទេសចរណ៍នឹងបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ដើម្បីជម្រុញចលនាទេសចរណ៍ឱ្យកាន់តែសកម្ម និងត្រៀមក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិនាពេលខាងមុខ៕
ដោយ៖សហការី