ខេត្តប៉ៃលិន៖ តាមរបាយការណ៍របស់មន្ត្រី ជំនាញ អធិការដ្ឋាននគរបាលស្រុកសាលាក្រៅបានប្រាប់អ្នកសារព័ត៌មានថា នៅវេលាម៉ោង ០៩និង២០នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានទទួលពាក្យបណ្តឹង ករណីបាត់ម៉ូតូចំនួន ០១ករណី នៅចំណុចបន្ទប់ជួលក្រោយសាលាប្រ៊ិក ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពី ឈ្មោះ ឡេង សុភា ភេទ ប្រុស អាយុ ២៧ឆ្នាំ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានបាត់ម៉ូតូមួយគ្រឿងម៉ាក Honda Zoomer-X ស៊េរីឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1P-7488។
តាមការរៀបរាប់របស់ម្ចាស់ម៉ូតូប្រាប់សមត្ថកិច្ចជំនាញថា នៅវេលាម៉ោង ០១និង៣០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ គាត់បានជិះម៉ូតូចេញទៅទិញមីកំប៉ុងហូបហើយជិះមកវិញដោយចាក់សោ.កម៉ូតូទុកក្រោមជណ្ដើររួចក៏ចូលទៅគេងនៅខាងក្នុងបន្ទប់លុះព្រឹកឡើងពេលចេញមកពីបន្ទប់វិញស្រាប់តែបាត់ម៉ូតូមិនឃើញ ។
ក្រោយពីទទួកពាក្យបណ្ដឹងពីម្ចាស់ម៉ូតូខាងលើមក កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានសុំការសហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដើម្បីជួយស្រាវជ្រាវរកជនសង័្សយ លុះមកដល់វេលាម៉ោង ១១និង៣០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ និងម៉ូតួចំនួន ០១គ្រឿង នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
លោកអធិការស្រុកបានបន្តថា ជនសង្ស័យទាំង២នាក់មានឈ្មោះដូចខាងក្រោម៖ទី១-ឈ្មោះ វិមុត សិរី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ទី២-ឈ្មោះ ម៉េង គឹមឡុង ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
កម្លាំងសមត្ថកិច្ចជំនាញអធិការស្រុកបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ២នាក់ ព្រមទាំងវត្ថុតាងដែលដកហូតរួមមាន៖
១-ម៉ូតូម៉ាក Honda Zoomer-X ស៊េរីឆ្នាំ២០១៩ ពណ៌ស ចំនួន ០១គ្រឿង ជារបស់ជនរងគ្រោះ
២-ទួរណឺវីសសម្រាប់កាច់សោ.កម៉ូតូចំនួន ០១ដើម។
បច្ចុប្បន្នកម្លាំងសមត្តកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានយកជនសង្ស័យទាំង២នាក់ និងវត្ថុតាងខាងលើ យកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ស សារ៉េត