ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលប៉ុស្តិ៍ព្រំដែន សហការជាមួយកម្លាំងយោធា ចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នេះបានទទួលប្រជាពលរដ្ឋខ្មែរ ចំនួន ០៣នាក់ ក្នុងនោះស្រី០១នាក់ ក្មេង១នាក់ ដែលវិលត្រឡប់ មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ នៅត្រង់ចំណុចនៃភូមិគីឡូ១៣ ឃុំសន្តិភាព និងភូមិរស្មី ឃុំជ្រៃសីមា ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឲ្យដឹងថា ការទទួលពលរដ្ឋខ្មែរចំនួន៣នាក់នេះ ដោយពួកគាត់អះអាងថាបានទៅធ្វើពលករនៅប្រទេសថៃយូរឆ្នាំមកហើយនិងដោយនឹករលឹកស្រុកកំណើត ពេកក៏សម្រេចចិត្តត្រឡប់មកវិញ។ជាមួយនេះដែរជារៀងរាល់ថ្ងៃកម្លាំងការពារព្រំដែនតែងយកចិត្តទុកដាក់ល្បាតតាមព្រំដែនជាប់ជាប្រចាំដើម្បីការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករ ចេញ-ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែន។ជាក់ស្តែងដូចជាកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែន សហការជាមួយកម្លាំងយោធា ចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រង និងតែងទៅទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ មក ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញច្រើនលើកនៅត្រង់ចំណុចនៃភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ប្រភពដដែលបានឲ្យដឹងទៀតថាបន្ទាប់ពីសាកសួរ កត់ឈ្មោះ និងអប់រំណែនាំប្រជាពលរដ្ឋទាំង៣នាក់រួចមក កម្លាំងការពារព្រំដែនបានប្រគល់ឲ្យទៅក្រុមគ្រូពេទ្យ ដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ៣២ ដើម្បីពិនិត្យជំងឺកូវីដ-១៩៕
ដោយ ៖ ប្រាថ្នា