ព័ត៌មានទាន់ហេតុការណ៍៖

លោក ស សុខា អញ្ជើញក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ របស់សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ

ចែករំលែក៖

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ជាតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចូលរួមជាគណៈអធិបតីពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ របស់សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង តាមប្រព័ន្ធវីដេអូ Zoom ។

លោករដ្ឋលេខាធិការបានថ្លែងថា, ក្នុងនាមលោកបណ្ឌិតសភារដ្ឋមន្ត្រី និងខ្លួនខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា នៃសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ មាតាបិតា អាណាព្យាបាល និងនិស្សិតទាំងអស់ ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាងក្នុងការគាំទ្រ និងផ្ដល់នូវការបង្រៀន និងរៀន បានយ៉ាងល្អប្រសើរ ក្នុងអំឡុងបរិការណ៍ នៃជំងឺកូវីដ-១៩ ។

លោកបន្តថា, ក្នុងនោះដែរក្រសួងអប់រំ យុវជន និងកីឡា បាន និងកំពុងយកចិត្តទុកដាក់ទៅលើ ៖ ទី១. ការការពារសុខភាព សុវត្ថិភាព របស់សិស្ស-និស្សិត និងទី២. ការបន្តការសិក្សាឡើងវិញ របស់សិស្ស-និស្សិត ។ 

យើងដឹងហើយថា ការបិទសាលារៀនមានផលប៉ះពាល់ដល់ការសិក្សារៀនសូត្រ ក៏អាចប៉ះពាល់ទៅដល់អនាគត របស់យុវជនយើងដែរ ដោយសារយើងមិនអាចដឹងថាជំងឺកូវីដ-១៩ វាផុតរលុតនៅពេលណា? ដូច្នេះយើងត្រូវតែត្រៀមរៀបចំការពារសុខភាព សុវត្ថិភាពរបស់សិស្ស-និស្សិត តាមរយៈការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការនានា របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ អោយមានប្រសិទ្ធភាព ។ ឆ្លើយតបទៅនឹងការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ដោយផ្ដោតទៅលើ ៖ ទី១. ការអនុវត្តវិធានការសុវត្ថិភាព សុខភាពសម្រាប់បុគ្គលិកអប់រំ និងសិស្ស-និស្សិត ទី២. ការរៀបចំហេដ្ឋារចនាសម្ព័ន្ធអនាម័យ បង្គន់អនាម័យ និងទឹកស្អាតនៅតាមសាលារៀន ទី៣. ការរៀបចំប្រព័ន្ធអប់រំអេឡិចត្រូនិក និងការផ្ដល់សេវារៀនសូត្រពីចម្ងាយ ទី៤. ការអនុវត្តគោលការណ៍ប្រតិបត្តិស្ដង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-១៩ និងទី៥.ការអនុវត្តសេចក្ដីណែនាំស្ដីពីការបើកដំណើរការគ្រឹះស្ថានសិក្សាចំណេះទូទៅ និងគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ និងឯកជន ។

ក្នុងឱកាសនោះដែរ លោករដ្ឋលេខាធិការក៏បានធ្វើការផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសិក្សា ព្រមទាំងនិស្សិតទាំងអស់ នៃសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ដូចខាងក្រោម ៖ 

១. សូមបន្តលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ-១៩ នេះ ដោយអនុវត្តតាមអភិក្រម “៣ការពារ ៣កុំ” និងចូលរួមទប់ស្កាត់ការឆ្លងកូវីដ-១៩ ក្នុងគ្រឹះស្ថានសិក្សា ការអប់រំអំពីសុវត្ថិភាព សុខភាពសិក្សា ។

២. ត្រូវបន្តដឹកនាំ និងអនុវត្តនូវទស្សនទានថ្មី “គន្លងជីវិតថ្មីក្នុងវិស័យអប់រំ” និងបន្តជំរុញ“ការអប់រំឌីជីថល” ឱ្យទាន់សភាពការណ៍ជាតិ តំបន់ និងសកលលោក ។

៣. ត្រូវផ្ដោតលើការអនុវត្តវិធីសាស្រ្ដបង្រៀនតាមបែបរិះរក និងអនុវត្តវិធីសាស្រ្ដបង្រៀនថ្មីៗ ក្នុងសតវត្សរ៍ទី២១ ដែលជាវិធីសាស្រ្ដតាមបែបចម្រុះ ដោយសិស្ស-និស្សិត ត្រូវអនុវត្តក្នុងថ្នាក់ និងធ្វើស្វ័យសិក្សា ផ្ដោតទៅលើការអប់រំវិទ្យាសាស្រ្ដ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលជាជំនាញចាំបាច់ក្នុងយុគ្គសម័យថ្មី ។

៤. ត្រូវបន្តលើកកម្ពស់គុណវុឌ្ឍិ និងសមត្ថភាពគ្រូបង្រៀន ជាពិសេសការបង្រៀន និងរៀនតាមបែបបច្ចេកវិទ្យាទំនើបដោយត្រូវកែលម្អ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ នៅតាមបន្ទប់រៀន បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ និងបន្ទប់សាស្រ្ដាចារ្យ ទៅតាមលទ្ធភាព និងស្ថានភាពជាក់ស្ដែង ។

៥. ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្តតួនាទី ភារកិច្ចក្នុងការដឹកនាំ គ្រប់គ្រង ដើម្បីឱ្យការសិក្សារបស់និស្សិត ប្រកបដោយគុណភាព ប្រសិទ្ធភាព និងចូលរួមថែរក្សានូវហេដ្ឋារចនាសម្ព័ន្ធរបស់សាកលវិទ្យាល័យ និងសមិទ្ធផលដទៃទៀតសម្រាប់ការប្រើប្រាស់បានយូរអង្វែង៕

ដោយ ៖ សិលា


ចែករំលែក៖