ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ​ឃាត់ខ្លួន​ជនជាតិចិន​៤នាក់​រួម​នឹង​គ្រឿង​ញៀន​មួយចំនួន​ធំ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បើ​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះថា​៖​ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានណែនាំ​ឱ្យ​កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន ដោយ​មានការដឹកនាំសម្របសម្រួលនីតិវីធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជ្ញអាជ្ញារងផងនោះ បានធ្វើប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនកាលពីយប់ថ្ងៃទី​១១ ​ខែ​តុលា​ ឆ្នាំ២០២១​ វេលាម៉ោង២០​និង០០នាទី បានឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចខាងក្រោយកាសុីណូហួយ ហ័រ ក្រុមទី១១ ភូមិ០១ សង្កាត់០២ ក្រុង-ខេត្ដព្រះសីហនុ។ 

ជនសង្ស័យ​មានឈ្មោះ ZHANG HONG YOU ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ក្រុមទី២១ ភូមិ០៤ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។ 

វត្ថុតាងដកហូតបានរួមមាន៖

-ម្សៅក្រាមសង្ស័យជាសារធាតុញៀនចំនួន២៦កញ្ចប់

-ម្សៅសថ្លាសង្ស័យជាសារធាតុញៀនចំនួន១១កញ្ចប់

– ថ្នាំញៀនអុិចស្តាសុី ប្រភេទម្សៅ(MDMA) ចំនួន០១កញ្ចប់

-ថ្នាំញៀនអុិចស្តាសុី ប្រភេទទឹក(MDMA)ចំនួន០៤ដប

-ថ្នាំគ្រាប់មានអក្សរWY មេតំហ្វេតាមីន ចំនួន០៣កញ្ចប់

-ទូរស័ព្ទចំនួន០២គ្រឿង ។ 

ប្រភពដដែល​បន្តថា​ នៅវេលាម៉ោង២៣​ និង៥០នាទីថ្ងៃខែឆ្នាំដដែល តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ កម្លាំងជំនាញក៏បានឈានដល់ឆែកផ្ទះជួលមួយកន្លែងនៅក្រុម២១ ភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទៀតគឺទី១-ឈ្មោះ CHEN JING HUAI ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ក្រុម២១ ភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ 

ទី២-ឈ្មោះ CHEN GUO FENG ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ក្រុម២១ ភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ 

វត្ថុតាងដកហូតបានរួមមាន៖

– ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៥កញ្ចប់

-រុក្ខជាតិក្រៀមសង្ស័យជាសារធាតុចំនួន០១កញ្ចប់

– ម្សៅក្រាមសង្ស័យជាសារធាតុចំនួន១២ កញ្ចប់

-ថ្នាំគ្រាប់អក្សរWY មេតំហេ្វតាមីនចំនួន ១៣កញ្ចប់

-ថ្នាំញៀនអុិចស្តាសុីប្រភេទទឹក(MDMA) ចំនួន០២ដប

-ថ្នាំញៀនអុិចស្តាសុីប្រភេទម្សៅ(MDMA) ចំនួន០២កញ្ចប់

-ម្សៅក្រាមពណ៌ប្រផេះសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់

-ជញ្ជីងថ្លឹងថ្នាំចំនួន០២គ្រឿង

-ទូរស័ព្ទចំនួន ០១ គ្រឿង ។

លុះមកដល់វេលាម៉ោង២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ ZHANG HONG YOU បានបន្តសហការជាមួយកម្លាំងជំនាញដោយបាននាំទៅឆែកឆេរបន្ទប់ស្នាក់នៅមួយកន្លែងរបស់ជនសង្ស័យឈ្មោះ LU JIAN MIN ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ក្រុម១១ ភូមិ០១ សង្កាត់០២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ 

វត្ថុតាងដកហូតបានរួមមាន៖

-ម្សៅក្រាមសង្ស័យជាសារធាតុញៀនចំនួន០៧កញ្ចប់

-ទូរស័ព្ទចំនួន០២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងខាងលេីត្រូវបាននគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ​៖អរុណ​រះ


ចែករំលែក៖