ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជម្រើសជាតិអាល្លឺម៉ង់មានសិទ្ធិចូលរួមការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ក្រោយយកឈ្នះម៉ាសេដូនៀខាងជើងក្នុងវគ្គជម្រុះទ្វីបអឺរ៉ុប

ចែករំលែក៖

ក្រុមជម្រើសជាតិអាល្លឺម៉ង់បានក្លាយជាក្រុមអឺរ៉ុបដំបូងគេដែលមានសិទ្ធិឡើងទៅលេង World Cup ២០២២ ដោយបានបំបាក់ក្រុមម៉ាសេដូនៀ ៤-០ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី១២ តុលានេះដើម្បីទទួលបានចំណាត់ថ្នាក់កំពូលតារាងក្នុងពូល J ដោយនៅសល់២ប្រកួតទៀត។

ការប្រកួតក្នុងតង់ទី២ក្រុមអាល្លឺម៉ង់រកបានទាំង៤គ្រាប់ ដោយគ្រាប់ទី១រកបានដោយកីឡាករ Kai Havertz នៅនាទីទី៥០ គ្រាប់ទី២និងគ្រាប់ទី៣ រកបានដោយកីឡាករ Timo Werner នៅនាទីទី៧០ និងនាទីទី៧៣ និងមួយគ្រាប់ទៀតរកបានដោយកីឡាករ Jamal Musiala បានធានាជ័យជម្នះលើកទី៥របស់អាឡឺម៉ង់នៅក្នុងការប្រកួត៥លើករបស់ពួកគេក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Hansi Flick និងបង្កើនពួកគេកើនដល់២១ពិន្ទុដោយរ៉ូម៉ានីឈរនៅលេខរៀងទី២ មាន១៣ពិន្ទុ។

ក្រុមដែលឈ្នះទាំងអស់ដែលឈរលេខ១ក្នុងពូលនីមួយៗក្នុងវគ្គជម្រុះអឺរ៉ុបនឹងទទួលបានកៅអីដោយស្វ័យប្រវត្តិនៅក្នុងការប្រកួតនៅប្រទេសកាតាឆ្នាំ២០២២។

លោក Flick ដែលបានជំនួសតំណែងលោក Joachim Loew ដឹកនាំក្រុមអាល្លឺម៉ង់កាលពីដើមឆ្នាំនេះបាននិយាយថា “ពីលទ្ធផលវាល្អឥតខ្ចោះ សូមសរសើរដល់ក្រុម។ ពួកគេមិនបន្ធូរបន្ថយឡើយ។ តង់ទី១មានភាពរឹងមាំបន្តិចហើយយើងខ្វះភាពជាក់លាក់បន្តិច ប៉ុន្តែយើងរក្សាវាបានយើងអាចពេញចិត្តបាន” ។

គួរបញ្ជកា់ថា ក្រុមជម្រើសជាតិអាល្លឺម៉ង់បានជ្រុះចេញត្រឹមជុំទី១នៃការប្រកួតបាល់ទាត់ពិភពលោកកាលពីឆ្នាំ២០១៨ និងធ្លាក់វគ្គ១៦ក្រុមចុងក្រោយនៅព្រឹត្តិការណ៍យូរ៉ូឆ្នាំនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters)


ចែករំលែក៖