ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បេីករថយន្តយ៉ាងលឿនទៅបុករថយន្តដឹកប្រេងឥន្ធនៈPETROLពីក្រោយ​បណ្ដាលឲ្យរងការខូចខាត​ សំណាងដែរគ្មានប្រេងក្នុងរថយន្ត

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តមួយគ្រឿង​ក្នុងល្បឿនលឿន​ និងមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តដឹកប្រេងឥន្ធនៈPETROLពីក្រោយដែលកំពុងឈប់ស្តុប​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ សំណាងល្អដែរគ្មានអ្នករបួស​ ។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១​ និង១០នាទីយប់ថ្ងៃទី១២​ ខែតុលា​ ឆ្នាំ​២០២១​ នៅចំណុចស្ទុបបារគូ​ តាមបណ្ដោយផ្លូវ២១៧​ (ចំការដូង)​ ក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។ 

    តាមប្រភពព័ត៌មានពីក្រុមអ្នកបេីករថយន្តដឹកប្រេងឥន្ធនៈ PETROL ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 3F-5612 បានឲ្យដឹងថា​ ពួកគេទេីបតែដឹកប្រេងទម្លាក់ឲ្យម៉ូយ​ ហេីយធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧​ ទិសដៅពីជេីងទៅត្បូង​ ខណៈមកដល់ចំណុចកេីតហេតុក៏ឈប់ស្តុបក្រហម​ ។ ភ្លាមនោះដែរស្រាប់តែមានបុរសម្នាក់បេីករថយន្តមួយគ្រឿងម៉ាក​ Montero​ ពណ៌ស្លែ​ ពាក់ស្លាកលេខភ្នំពេញ​ 2H-2147 មកបុកពីក្រោយយ៉ាងពេញទំហឹង​បណ្ដាលឲ្យរថយន្តដឹកប្រេងរងការខូចខាតកាងខាងក្រោយ​យ៉ាងដំណំ រីឯរថយន្តបង្កបានរងការខូចខាតផ្នែងខាងមុខយ៉ាងដំណំដូចគ្នា​ តែក្នុងករណីនេះមិនបណ្ដាលឲ្យអ្នកណាម្នាក់រងរបួសនោះទេ​ ។ ហេីយនេះក៏សំណាងដែរ​ ដែលរថយន្តដឹកប្រេងខាងលេីបានទម្លាក់ប្រេងឲ្យម៉ូយអស់​ ។ 

    ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ហេីយព្យាយាមសម្របសម្រួលភាគីទាំងសងខាងឲ្យត្រូវរ៉ូវគ្នា​ តែសម្រួលមិនត្រូវទេីបសមត្ថកិច្ចទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌដង្កោ​ ឲ្យចុះមកធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក​ រង់ចាំដោះស្រាយគ្នានាពេលក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖