ខេត្តកំពង់ស្ពឺ+បាត់ដំបង ៖ យ៉ាងហោចមានជនសង្ស័យ២នាក់នៅខេត្តកំពង់ស្ពឺ និង១២ នាក់ទៀតនៅខេត្តបាត់ដំបង ត្រូវកម្លាំងជំនាញបង្រ្កាបចាប់ខ្លួន និងរឹបអូសថ្នាំញៀនជាច្រើនកញ្ចប់មានទម្ងន់មិនតិចជាង៣គីឡូក្រាម។
ប្រភពពីសមត្ថកិច្ចជំនាញបានឲ្យដឹងថា នៅខេត្តកំពង់ស្ពឺ នាវេលាម៉ោង០០នឹង១៥នាទី រំលងអធ្រាត្រឈានចូលថៃ្ងទី១៣ ខែតុលា ឆ្នាំ២០២១ ស្ថិតក្នុងផ្ទះរបស់ឈ្មោះ គង់ សំណាង ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) ក្រសួងមហាផ្ទៃ សហការជាមួយ និងស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនជាស្ត្រីចំនួន ០២នាក់ ដកហូតបានគ្រឿងញៀនចំនួន១៦កញ្ចប់ធំ និងដកហូតឧបករណ៍ សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន រថយន្ត មួយគ្រឿង ម៉ាក FORD EVE REST ស៊េរីឆ្នាំ២០២១ ពណ៌ស មានស្លាក លេខភ្នំពេញ 2BP-6979 មួយគ្រឿង។
ជនសង្ស័យជួញដូរគ្រឿងញៀនខាងលើត្រូវបានឃាត់ខ្លួន រួមមាន៖ ទី១- ឈ្មោះ គង់ សំណាង ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច និងទី២- ឈ្មោះ សុខ ស្រីនិត ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយង ស្រុកភ្នំស្រួច។
ដោយឡែកនៅខេត្តបាត់ដំបងឯណោះវិញ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤ និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់ ស្ថិតនៅចំណុចរ៉ាជង្រុក ក្រុមទី០៤ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្នុងប្រតិបត្តិការសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ៣០ថង់ ទម្ងន់ ២០,៧៧ក្រាម, ទូរស័ព្ទដៃចំនួន ០៥គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យទាំង១៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញនៃខេត្តនីមួយៗបានកសាងសំណុំរៀងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ ៖ ប្រាថ្នា