ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនថៅកែការាសសាំង៣នាក់ករណីលក់សាំងមិនគ្រប់លីត្រ គៃបំបាត់វត្ថុតាង

ចែករំលែក៖

ខេត្តកណ្តាល៖ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១​កន្លងមកថ្មីៗនេះ​ ក្រុមគណៈកម្មការចម្រុះ មានកាំកុងត្រូល ប្រចាំខេត្ដកណ្តាល  និងកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានចុះទៅត្រួតពិនិត្យនៅចំណុចស្ថានីយប្រេងឥន្ធនៈតេលាដេប៉ូ ចាន់ធឿន និងស្ថានីយប្រេងឥន្ធនៈតេលាដេប៉ូ ម៉ាក់ ម៉ីម៉ី ដែលស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយក៏បានពិនិត្យឃើញថា មានភាពមិនប្រក្រតី មួយចំនួន និងធ្វើការឃាត់ខ្លួនម្ចាស់ទីតាំង យកទៅចាត់ការតាមផ្លូវច្បាប់តែម្តង ។

   មន្ត្រីនគរបាលខេត្តកណ្ដាលបានឱ្យដឹងថា  ជនសង្ស័យមាន៣នាក់ ទី១-ឈ្មោះ ហ៊ុយ សុខហ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ ទី២-ឈ្មោះ នុត វ៉ាន់ឌឿន ភេទប្រុស អាយុ៤៦ឆ្នាំ និងទី៣-ឈ្មោះ ថូ សុផាត ភេទប្រុស អាយុ៣៨ឆ្នាំ ។

   ប្រភពដដែលបន្តថា ដេប៉ូ ម៉ាក់ ម៉ីម៉ី ប្រេងសាំងធម្មតា ខ្វះ៧លីត្រ ក្នុង១០០លីត្រ, ប្រេងសាំងស៊ុបពែរ ខ្វះ៨,៨លីត្រក្នុង១០០លីត្រ  និង ប្រេងម៉ាស៊ូតខ្វះ៥,០៥លីត្រ ក្នុង១០០លីត្រ។ ចំណែកដេប៉ូ ចាន់ ធឿន រកឃើញប្រេងសាំងធម្មតាខ្វះ៥,៣លីត្រ ក្នុង១០០លីត្រ, ប្រេងសាំងស៊ុបពែរ ខ្វះ៥,៨លីត្រក្នុង១០០លីត្រ និង ប្រេងម៉ាស៊ូតខ្វះ៦,១៥លីត្រ ក្នុង១០០លីត្រ ទើបសមត្ថកិច្ចបានធ្វើការបិទសៀលទៅលើដៃបូមប្រេងឥន្ធនៈ និងផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មរបស់ដេប៉ូប្រេងឥន្ទនៈទាំង២នេះ។

លុះមកដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ឈ្មោះ ហ៊ុង សុខហ៊ាង បានមកដល់ចំណុចស្ថានីយប្រេងឥន្ធនៈតេលាដេប៉ូ ចាន់ ធឿន របស់ខ្លួន ហើយក៏បានយកកន្ត្រៃមកកាត់ផ្តាច់ខ្សែលួស ឬ សៀលដើម្បីធ្វើការបើកលក់អាជីវកម្មរបស់គាត់ជាធម្មតាវិញ។

ចំណែកឈ្មោះ ថូ សុផាត នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានយកកន្ត្រៃមកកាត់ខ្សែលួស ឬ សៀលដែលសមត្ថកិច្ចបានបិទនោះ ដើម្បីបើក លក់អាជីវកម្មជាធម្មតាវិញដែរ។ ភ្លាមៗនោះ ក្រុមគណៈកម្មការចម្រុះបានចុះទៅបិទអាជីវកម្មម្តងទៀត និងនាំខ្លួនជនទាំង៣នាក់នោះ មកស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីធ្វើការសាកសួរតែម្តង ។

    ករណីនេះ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នឹងបញ្ជូនថៅកែហាងការាសសាំងទាំង៣នាក់ទៅអយ្យការអមសាលាដំបូងខេត្តកណ្តាលនៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ ដើម្បីចាត់ការតាមច្បាប់ ៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖