ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូសបោះពួយក្នុងល្បឿនលឿន បុករបងផ្ទះរួចបោកផ្ទប់បង្គោលភ្លើងស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ យ៉ាងហោចណាស់បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរបួសធ្ងន់ បន្ទាប់ពីពួកគេបើករថយន្តក្នុងល្បឿនយ៉ាងលឿនបានទៅបុករបងផ្ទះ រួចបោកផ្ទប់បង្គោលភ្លើង កាលវេលាម៉ោង ២និង១០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី១៤ ខែ តុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ រថយន្តបង្កម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-6955 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ(ស្លាប់នៅក្នុងរថយន្ត ) និងរួមដំណើរម្នាក់ទៀត រងរបួសធ្ងន់ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញ រថយន្តបង្កបើកល្បឿនលឿនដូចហោះ និងលឺស្នូធុងបាស់ខ្លាំងៗ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងស្ដាំដៃ ទៅបុករបងផ្ទះប្រជាពលរដ្ឋ រួចបោកផ្ទប់បង្គោលភ្លើង បណ្ដាលរថយន្តស្ទើរដាច់ជាពីរហើយតៃកុងបានស្លាប់ក្នុងរថយន្ត និងម្នាក់ទៀតរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ ។ ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែង យករថយន្តទៅរក្សាទុក ចំណែកសពដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ៕

ដោយ៖ ស សម 


ចែករំលែក៖