ខេត្តបន្ទាយមានជ័យ៖ នគរបាលស្រុកស្វាយចេក រកឃើញពលករខ្មែរប្រុសស្រី ចំនួន២២នាក់ត្រូវមេខ្យល់យកមកប្លុងចោល នៅផ្ទះមួយកន្លែង ស្ថិតក្នុងភូមិតេជោភ្នំឆ័ត្រ៣១៧ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០៤និង៣០នាទីល្ងាចថ្ងៃទី១៣ខែតុលា ឆ្នាំ២០២១នេះ ។
លោក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេកបានឲ្យដឹងថា៖ នៅថ្ងៃទី១៣ខែ តុលាឆ្នាំ ២០២១ វេលាម៉ោង ០៤ និង៣០នាទីល្ងាច កំលាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេកបានទទួលព័ត៌មានពីលោកមេភូមិតេជោភ្នំឆ័ត្រ៣១៧ ស្ថិតនៅក្នុងឃុំស្វាយចេកស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ បានរាយការណ៍ប្រាប់ថា នៅចំណុចផ្ទះរបស់ឈ្មោះសួន ម៉ាង ភេទប្រុសអាយុ៣៩ ឆ្នាំ នៅភូមិតេជោភ្នំឆ័ត្រ៣១៧ មានពលករ បម្រុងឆ្លងដែនទៅប្រទេសថៃមានចំនួន២២ នាក់ស្រី ០៨នាក់ ក្នុងនោះកុមារចំនួន០៤ នាក់ស្រី ០២ នាក់ ។
លោកអធិការបានបន្តថា៖ក្រោយពីទទួលបានព័ត៌មានកម្លាំងអធិការដ្ឋាននិងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយចេក បានចុះទៅដល់ផ្ទះនោះ យើងបានឃើញពលករខ្មែរ សរុបចំនួន២២នាក់ ក្នុងនោះមកពីខេត្ត ឧត្តរមានជ័យចំនួន ០៦នាក់ ស្រី០៣នាក់ មកពីខេត្តបាត់ដំបង០១នាក់ប្រុស មកពីខេត្តព្រះវិហារ០៦នាក់ ស្រី ០៣នាក់ ខេត្តបន្ទាយមានជ័យ ០៩នាក់ ស្រី ០២នាក់ ។
លោកអធិការបានបញ្ជាក់ទៀតថា៖តាមការសួរនាំពលករទាំងនោះបានប្រាប់ថា ពួកគាត់មានបំណងទៅរកការងារធ្វើនៅប្រទេសថៃ ដោយក្នុងមួយនាក់ត្រូវមេខ្យល់យកក្នុងតម្លៃ៦,៥០០បាត ពេលទៅដល់ប្រទេសថៃ ។ចំណែកអ្នកនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចំនួន០៧ បាននិយាយថាគាត់ជិះឡានមកដល់ភូមិតេជោភ្នំឆ័ត្រថ្លៃឡានម្នាក់ ចំនួន២០ម៉ឺនរៀល ។
ក្នុងករណីនេះសមត្ថកិច្ចយើងមិនបានមុខសញ្ញាជនសង្ស័យជាម្ចាស់រថយន្តនោះទេ ព្រោះពួកគេបានរត់គេចខ្លួនអស់ បន្សល់ទុកតែរថយន្តម៉ាក នីសាន់មួយបាំងកន្លះពណ៌សស៊េរីឆ្នាំ១៩៩៥ ពាក់ស្លាកលេខសៀមរាប2A.3605 ចង្កូតស្ដាំចំនួន០១គ្រឿង យកមករក្សាទុកនៅកន្លែងអធិការដ្ឋានគរបាលស្រុកស្វាយចេក ។ចំណែកពលករទាំង២២នាក់ក្រោយធ្វើការសួរនាំរួចបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅវិទ្យាល័យស្វាយចេក។ចំពោះមុខសញ្ញាជាមេខ្យល់នគរបាលយើងកំពុងបន្តស្រាវជ្រាវ៕
ដោយ ៖ វណ្ណា