ព័ត៌មានទាន់ហេតុការណ៍៖

គណៈប្រតិភូកាកបាទក្រហម បានអញ្ជេីញចូលរួមក្នុងពិធីថ្វាយកម្រងផ្កា​ និងគោរពព្រះវិញ្ញាណក្ខន្ធខួប​ ៩ឆ្នាំ នៃការ​យាងសោយព្រះទិវង្គតរបស់ ព្រះករុណាព្រះបាទសម្តេច​ ព្រះ​នរោត្តម​ សីហនុ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី​ ១៥​ ខែតុលា​ ឆ្នាំ២០២១​ នេះ​ គណៈប្រតិភូកាកបាទក្រហមកម្ពុជា​ដឹកនាំដោយ​ លោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការ​រងទី១​ បានអញ្ជេីញចូលរួមក្នុងពិធីថ្វាយកម្រងផ្កា​ និងគោរពព្រះវិញ្ញាណក្ខន្ធខួប​ ៩ឆ្នាំ នៃការ​យាងសោយព្រះទិវង្គតរបស់ ព្រះករុណាព្រះបាទសម្តេច​ ព្រះ​នរោត្តម​ សីហនុ​ ព្រះមហាវីរក្សត្រ​ ព្រះវររាជបិតាជាតិ​ ឯករាជ្យ​ បូរណភាពទឹកដី​ និងឯកភាព​ជាតិខ្មែរ​ ព្រះបរមរតនកោដ្ឋ​ នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ។

កាកបាទក្រហមកម្ពុជា​ ព្រមទាំងប្រជារាស្ត្រទូទាំងប្រទេស សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។ 

សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងសោយសុខក្នុងឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖