ភ្នំពេញ៖ អាជីវកម្មដែលមានហានិភ័យខ្ពស់កាលពីមុនត្រូវបានដកចេញខ្លះពីបម្រាមរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ការលក់គ្រឿងស្រវឹងក៏មិនត្រូវបានដាក់ឱ្យហាមឃាត់ទៀតដែរ។
នេះគឺជាសញ្ញាវិជ្ជមានថ្មីនៃការបើកឡើងវិញនៃចរន្តទេសចរណ៍ក្នុងស្រុកជាបណ្តើរៗ។ សិល្បៈករ សិល្បការិនីដែលបានប្រឈមនឹងបញ្ហាសេដ្ឋកិច្ចខ្លាំងក្នុងរយៈពេលកន្លងមក នឹងចាប់ផ្តើមមានការងារធ្វើវិញនាពេលខាងមុខ។
យ៉ាងណាមិញសាលារាជធានីភ្នំពេញបានសម្រេចបន្តផ្អាកអាជីវកម្មដែលមានហានិភ័យខ្ពស់និងការជួបជុំមនុស្សដែលមានចំនួនលើស៥០ នាក់នៅរយៈពេល១៤ថ្ងៃ បន្តទៀតខណៈអាជីវកម្មលក់ និងសេពគ្រឿងស្រវឹងត្រូវបានដកចេញពីការហាមឃាត់។
សូមបញ្ជាក់ថា, ក្នុងសេចក្តីសម្រេចចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានសម្រេចបន្តផ្អាកអាជីវកម្ម រោងភាពយន្ត ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងអាជីវកម្មក្លិបកម្សាន្តគ្រប់ប្រភេទ រហូតដល់ថ្ងៃទី២៨ ខែតុលា។
ជាការកត់សម្គាល់ ការបន្តផ្អាកនេះមិនបានគ្របដណ្ដប់ទៅលើគ្រឹះស្ថានសាធារណៈនិងឯកជន រមណីយដ្ឋាន សារមន្ទីរ សួនកុមារ អាជីវកម្មម៉ាស្សា ហាងលក់ និងសេពគ្រឿងស្រវឹងដូចសេចក្ដីប្រកាសមុនៗឡើយ ជាងនេះទៅទៀតសាលារាជធានីក៏បានអនុញ្ញាតឲ្យមានការជួបជុំរហូតដល់ ៥០នាក់ផងដែរតែត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉ែត មាសភក្ដី បានប្រាប់សារព័ត៌មានឱ្យដឹងថា, សាលារាជធានីភ្នំពេញសម្រេចឲ្យផ្អាកទៅលើអាជីវកម្ម រោងភាពយន្ត ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងអាជីវកម្មក្លិបកម្សាន្តគ្រប់ប្រភេទប៉ុណ្ណោះ ខណៈលោកបញ្ជាក់ថាអាជីវកម្មលក់គ្រឿងស្រវឹងនឹងត្រូវអនុញ្ញាតឲ្យលក់ឡើងវិញចាប់ពីពេលនេះតែត្រូវគោរពតាមការណែនាំរបស់អាជ្ញាធរ។
ប្រការ៤ នៃសេចក្ដីសម្រេចនេះចែងថា៖ «សកម្មភាពមុខរបរការងារដែលមិនបានចែងនៅក្នុងប្រការ២ និងការជួបជុំឬប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជនដែលត្រូវបានលើកលែងដូចប្រការ៣ នៃសេចក្ដីសម្រេចនេះត្រូវអនុវត្តវិធានការសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ជាអាទិ៍មានកាតព្វកិច្ចក្នុងការពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាត ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កំដៅការស្គេន QR code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣ការពារ ៣កុំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា» ។
អស់រយៈពេលជិត៦ខែហើយ ពោលគឺចាប់តាំងពីខែមេសា ឆ្នាំ២០២១មក ដែលសាលារាជធានីភ្នំពេញបានសម្រេចឲ្យផ្អាកអាជីវកម្មលក់គ្រឿងស្រវឹងគ្រប់ប្រភេទដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕
ដោយ ៖ សិលា