ព័ត៌មានទាន់ហេតុការណ៍៖

ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជាសម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាល ចេញសេចក្តីជូនដំណឹង ស្តីពីលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជាសម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី។

តាមរយៈការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល លើការដាក់ចេញនូវ យុទ្ធនាការជាតិចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩, កម្ពុជាកំពុងសម្រេចបាននូវអត្រានៃការចាក់វ៉ាក់សាំង លើសគោលដៅដែលបានគ្រោងទុក និងអាចបង្កើតបាននូវភាពសុំាសហគមន៍នៅទូទាំងកម្ពុជា ទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ជាមួយ នឹងសមិទ្ធផលដ៏គួរជាទីមោទនភាពនេះ និងដោយមើលឃើញពីការវិវត្តកាន់តែប្រសើរឡើងនៃស្ថានភាព ជាក់ស្តែង, រាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកប្រទេសកម្ពុជាឡើងវិញជាបណ្តើរៗ និងតាមដំណាក់កាល ជាមួយនឹងភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់ តាមគន្លងប្រក្រតីភាពថ្មី ដោយមានការសម្រួល របបនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរមកកម្ពុជា តាមគ្រប់ច្រកចូល ដែលទទួលបានការចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ ដូចតទៅ៖
– ត្រូវអនុវត្តរបបពិសេស ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល លើករណីនីមួយៗចំពោះភ្ញៀវផ្លូវការ របស់រាជរដ្ឋាភិបាល និងមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលត្រឡប់ពីបំពេញបេសកកម្ម នៅក្រៅប្រទេស
ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ៣ ថ្ងៃចំពោះវិនិយោគិន បុគ្គលិកជំនាញបច្ចេកទេសទាំងជនជាតិ ខ្មែរ និងបរទេស មន្ត្រីការទូត មន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ និងមន្ត្រីរាជការរបស់ រាជរដ្ឋាភិបាលដែលត្រឡប់មកពីបំពេញបេសកកម្មនៅក្រៅប្រទេស (ដោយរួមបញ្ចូលក្រុមគ្រួសារ របស់ក្រុម អាទិភាពនេះផង)
-ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ៧ ថ្ងៃ ចំពោះអ្នកដំណើរទូទៅដែលជាជនជាតិខ្មែរ ឬជនបរទេស និង ដោយឡែក ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ១៤ ថ្ងៃ ចំពោះអ្នកដំណើរគ្រប់ប្រភេទដែលមិនបានចាក់វ៉ាក់សាំង កូវីដ-១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ។
សូមអាននូវខ្លឹមសារ សេចក្តីជូនដំណឹង ស្តីពីលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជាសម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី របស់ក្រសួងសុខាភិបាលទាំងស្រុងដូចខាងក្រោម៕

ដោយ៖សុខ ខេមរា


ចែករំលែក៖