ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីបារាំង​ ទទួលស្គាល់ថាការសម្លាប់រង្គាលជនជាតិអាល់ហ្សេរី ពីសំណាក់ប៉ូលិសក្នុងទីក្រុងប៉ារីសកាលពីជាង ៦០ឆ្នាំមុនគឺជា “បទឧក្រិដ្ឋមិនអាចលើកលែងឱ្យបាន”

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពី​លោក អែមម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានថ្កោលទោសដោយចាត់ទុកថាការបង្ក្រាបយ៉ាងបង្ហូរឈាមលើបាតុករជាជនជាតិ អាល់ហ្សេរី ពីសំណាក់ប៉ូលីសក្នុងទីក្រុងប៉ារីសកាលពីជាង ៦០ឆ្នាំមុន គឺជា “បទឧក្រិដ្ឋមិនអាចលើកលែងឱ្យបាន”។

ជាក់ស្ដែង​នៅក្នុងសេចក្ដីថ្លែងការណ៍ពីវិមានប្រធានាធិបតីបារាំងអេលីសេ (Elysee) បានចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី១៦ ខែតុលាម្សិលមិញនេះ​ថា៖​ លោក ម៉ាក្រុង បានទទួលស្គាល់ថាបាតុកម្មរបស់ជនជាតិអាល់ហ្សេរីត្រូវបានបង្ក្រាបយ៉ាងបង្ហូរឈាម, ហិង្សា និងយ៉ាងសាហាវឃោរឃៅ ដោយក្នុងនោះបាតុករអាល់ហ្សេរី ១២,០០០នាក់ ត្រូវបានចាប់ខ្លួន និងរាប់រយនាក់ត្រូវបានសម្លាប់ និងរងរបួស។

សេចក្ដីថ្លែងការណ៍ដដែល​ ក៏បានបញ្ជាក់ដូច្នេះថា៖​ “គាត់ (លោក ម៉ាក្រុង) បាន ទទួលស្គាល់ការពិតថា៖ បទឧក្រិដ្ឋដែលត្រូវបានប្រព្រឹត្តនៅយប់នោះ ក្រោមបទបញ្ជារបស់លោក ម៉ូរីស ប៉ាប៉ុង គឺជារឿងមិនអាចលើកលែងឱ្យបាន”។

សូមជម្រាបថា​ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៦១, នៅក្រោមបទបញ្ជារបស់អតីតមេបញ្ជាការប៉ូលីសទីក្រុងប៉ារីស លោក ម៉ូរីស ប៉ាប៉ុង (Maurice Papon), ប៉ូលិសបាន បើកការបង្រ្កាបយ៉ាងបង្ហូរឈាមលើក្រុមបាតុករ ២៥,០០០នាក់ មកពីរណសិរ្សរំដោះជាតិអាល់ហ្សេរី (FLN) ដែលនាំគ្នាធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងបម្រាម គោចរលើជនជាតិអាល់ហ្សេរី។

គួរបញ្ជាក់ថា​ ក្នុងការបង្រ្កាបរបស់ប៉ូលីសលើជនជាតិអាល់ហ្សេរីកាលពីឆ្នាំ១៩៦១ មិនត្រូវបានបញ្ជាក់ឱ្យច្បាស់ពីរដ្ឋាភិបាលបារាំងទេ តែអ្នកប្រវត្តិសាស្ត្រខ្លះជឿជាក់ថា​ បាតុករច្រើនជាង ២០០នាក់បានស្លាប់ ហើយក្នុងនោះមានសាកសពមួយចំនួនត្រូវបានគេបោះចោលក្នុងទឹកទន្លេសែន (River Seine)៕ដោយ​៖ស​ តារា​

រូបភាព​៖ឯកសារ​AFP​ ​លោក អែមម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង

រូបភាព​៖ឯកសារ​AP ទឹកទន្លេសែន (River Seine)


ចែករំលែក៖