ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងធ្លាក់ទឹកស្ទឹងសង្កែជន់ឡើង ចាប់ផ្តើមលិចចូលក្រុងបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ ទឹកស្ទឹងសង្កែនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២១នេះលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានប្រកាសអំពាវនាវបន្ទាន់មួយជូនដំណឹងដល់បណ្តាបងប្អូនប្រជាពលរដ្ឋ ពិសេសពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងទាំងអស់មានដូចជា: ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់វត្តគរ សង្កាត់ព្រែកព្រះស្តេច សង្កាត់ស្វាយប៉ោ សង្កាត់រតន: ក៏ដូចជាសង្កាត់ស្លាកែត ឲ្យបង្កើនការយកចិត្តទុក និងប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាព ពិសេសមនុស្ស មានជំងឺ ក្មេងតូចៗ រួមទាំងរៀបចំសម្ភារ: ឬទ្រព្យសម្បត្តិដែលមានតម្លៃនានាទុកដាក់នៅលើទីទួលផុតពីការប៉ះពាល់ជាយថាហេតុ។

សារប្រកាសជូនដំណឹងភ្លាមៗដោយមន្ទីរជំនាញ រួមទាំងអាជ្ញាធរនេះដោយសារមានទឹកភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នានៅផ្នែកខាងលើតំបន់ស្រុកសំឡូត បានជន់លិចលំនៅដ្ឋាន ដំណាំចម្ការអស់ជាច្រើនហិកតា និងទឹកភ្លៀងបានស្រុងហូរចាក់យ៉ាងគំហុកចូលក្នុងស្ទឹងសង្កែ ធ្វើឲ្យដងស្ទឹងមានទឹកភ្លៀងបានជន់ឡើងចាប់ពីកម្ពស់ ១២,០០ម៉ែត្រ ដល់ ១៣,៨៥ម៉ែត្រ គិតត្រឹមព្រឹកថ្ងៃទី ១៧ ខែតុលានេះ។

ស្ថានភាពទឹកស្ទឹងសង្កែហក់ឡើងខ្លាំងនេះដែរបានបង្កការជន់លិចនៅផ្នែកជាច្រើនរបស់ក្រុងបាត់ដំបងក្នុងនោះរួមមាន: ជន់លិចកំណាត់ផ្លូវលេខ ៣ រាប់រយម៉ែត្រ កំណាត់ផ្លូវឡាអេ ជាច្រើន លិចចំណតរថយន្តបឹងឈូងទាំងស្រុង ផ្សារបឹងឈូកលិចទាំងស្រុង រួមទាំងលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត៕

ដោយ៖ស សារ៉េត


ចែករំលែក៖