អន្តរជាតិ៖ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី SANA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២១នេះថា៖ រដ្ឋាភិបាលស៊ីរី បានចោទប្រកាន់កងកម្លាំងប្រដាប់អាវុធអ៉ីស្រាអែលថា បានបាញ់សម្លាប់អតីតសមាជិកសភាស៊ីរី លោក ម៉េដហាត អាល់ សាឡេះ (Medhat Al-Saleh) កាលពីថ្ងៃសៅរ៍ម្សិលមិញ។
ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីរី បាននិយាយបន្ថែមថា លោក សាឡេះដែលធ្លាប់បានជាប់ពន្ធនាគារ ១២ឆ្នាំនៅក្នុងប្រទេសអ៉ីស្រាអែល ត្រូវបានកងកម្លាំងប្រដាប់ អាវុធអ៉ីស្រាអែលបាញ់សម្លាប់ ខណៈកំពុងធ្វើដំណើរត្រឡប់ទៅផ្ទះរបស់វិញកាលពីថ្ងៃសៅរ៍ ទី១៦ ខែតុលានេះ នៅក្នុងភូមិ អែន អាល់ទីណេះ (Ain al-Tineh) នៃប្រទេសស៊ីរី ស្ថិតនៅក្បែរតំបន់ Golan Heights ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៉ីស្រាអែល។
បន្ថែមពីនេះ ទីភ្នាក់ងារ SANA បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ រដ្ឋាភិបាលស៊ីរី បានថ្កោលទោសថានេះគឺជាបទឧក្រិដ្ឋដ៏កំសាកបំផុត។
ដោយឡែកជុំវិញករណីនេះដែរ អ្នកនាំពាក្យយោធាអ៉ីស្រាអែលក៏បានអះអាងថា៖ យោធារបស់ខ្លួនមិនធ្វើអត្ថាធិប្បាយអ្វីចំពោះសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយស៊ីរី នោះឡើយ៕ដោយ៖ស តារា
រូបភាព៖អតីតសមាជិកសភាស៊ីរី លោក ម៉េដហាត អាល់ សាឡេះ (Medhat Al-Saleh) (Credit: SANA news agency Twitter)
រូបភាព៖By Al Mayadeen លោក ម៉េដហាត អាល់ សាឡេះ