ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន ចុះពិនិត្យការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជូនប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។

សូមបញ្ជាក់ថា ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ពីសំណាក់ក្រុមពេទ្យរបស់កងយោធពលខេមរភូមិន្ទនេះ បានចាប់ផ្តើម​បើកយុទ្ធនា​ការចាក់ចាប់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ២០២១ នៅក្នុង​ខណ្ឌ​ចំនួន​៦ របស់រាជធានីភ្នំពេញ ដែលរួមមាន​៖ ខណ្ឌមានជ័យ​, ខណ្ឌដង្កោ​, ខណ្ឌកំបូល​, ខណ្ឌពោធិ៍​សែន​ជ័យ​, ខណ្ឌឫស្សីកែវ​, ខណ្ឌទួលគោក និង​ខណ្ឌ​សែន​សុខ។ 

បើតាមសេចក្តីរាយការណ៍ពីមន្ត្រីសុខាភិបាលរបស់កងយោធពលខេមរភូមិន្ទ រហូតមកដល់ពេលនេះដំណើរ​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ បាន​ប្រព្រឹត្តទៅមានភាពល្អប្រសើ​រតាម​គ្រោងទុក​ និងមិនមានឧបសគ្គអ្វីគួរឲ្យកត់សម្គាល់ឡើយ​ ប្រជាពលរដ្ឋ​បាន​មកចូលរួម​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​នេះ​យ៉ាងច្រើនកុះករ។ 

 នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា នេះគឺជាការបោះជំហ៊ានទៅមុខរបស់កម្ពុជា លើការងារផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ ការកាត់បន្ថយហានីភ័យ នៃការរាតត្បាតដោយជម្ងឺកូវីដ-១៩។

តែទោះជាយ៉ាងនេះក្តី នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្ដាំផ្ញើទៅប្រជាពលរដ្ឋគ្រប់រូប អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការ ៣ការពារ និង ៣កុំ ដែលជាអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា៕

ដោយ៖ សូរិយា


ចែករំលែក៖