ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលាឆ្នាំ២០២១នេះ មានការភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីឃើញតារាកំប្លែងនាង ស្រេង សុកាន់ដា ហៅអ្នកនាងខ្ញុងបង្ហាញមុខដោយស្រែកទ្រហោយំនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ហើយបានប្រកាសក្ស័យធនមិនមានលទ្ធភាពក្នុងការសងប្រាក់ត្រឡប់ទៅកាន់ម្ចាស់បំណុលវិញឡើយ។
មានការលើកឡើងថា វាជារឿងដែលមិនគួរឱ្យជឿសម្រាប់មហាជនដែលបានឃើញតារាកំប្លែងស្រីរូបនេះធ្វើការLive វីដេអូទាំងទឹកភ្នែកដោយទទួលស្គាល់ថានាងពិតជាបានជំពាក់ប្រាក់ម្ចាស់បំណុលជាច្រើនមែនគឺជាង២០នាក់ឯណោះ ដោយគ្រាន់តែគិតការប្រាក់ក្នុងមួយខែគឺនាងត្រូវបង់ឱ្យម្ចាស់បំណុលមិនក្រោម៤ម៉ឺនដុល្លារអាមេរិកឡើយ ហើយមកដល់ពេលនេះទឹកបានឡើងដល់ច្រមុះហើយ នាងបានសម្រេចចិត្តលក់ទ្រព្យធនគ្រប់យ៉ាងដើម្បីដោះបំណុលគេ ប៉ុន្តែមិនអាចដោះបានឡើយ ហើយកន្លងទៅរឿងបំណុលនេះស្វាមីនាងមិនបានដឹងនោះទេ។ការប្រកាសនេះក៏បានធ្វើឡើងក្រោយពីនាងបានជំពាក់ប្រាក់ម្ចាស់បំណុលជាច្រើននាក់ដែលសរុបជាទឹកប្រាក់ជាង៥៧ម៉ឺនដុល្លារអាមេរិក និងក្រោយពីនាងធ្លាប់បានចេញសែកស្អុយអត់ទឹកប្រាក់ទៅឱ្យម្ចាស់បំណុលដែលអាចប្រឈមនឹងការចាប់ខ្លួននោះ។ នាងថា ការលេចមុខនៅសាលាដំបូងរាជធានីភ្នំពេញ និងការLive វីដេអូនេះគឺដើម្បីទទួលស្គាល់និងចង់ស្នើដល់ម្ចាស់បំណុលឲ្យទុកឱកាសសម្រាប់នាងបន្ត។ មូលហេតុនៅពីក្រោយការជំពាក់ប្រាក់គេវ័ណ្ឌ.កបែបនេះគឺក្រោយពីនាងមានបញ្ហានៃការរកស៊ីខាតបង់ ហើយបានចងការប្រាក់កម្ចីដែលមានអ្នកខ្លះរាប់រយ រាប់ពាន់ដុល្លារ រហូតដល់៤ម៉ឺនដុល្លារអាមេរិក។ នាងថា ការខ្ចីដោះទ័លពីមួយទៅមួយក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះកាន់តែធ្វើឲ្យនាងកាន់តែវ័ណ្ឌ.ក ដែលសូម្បីតែរកប្រាក់មកសងការប្រាក់គេក៏រកមិនបានផង។ ដោយសារតែទាល់គំនិតទើបរថយន្តទំនើប ផ្ទះសម្បែងត្រូវបាននាងលក់ទាំងអស់ដើម្បីយកលុយសងគេវិញផងដែរ។
ពេលនេះនាងនៅមិនទាន់ដឹងនៅឡើយទេថាតើម្ចាស់បំណុលនឹងអាចទុកឱកាសសម្រាប់ឱ្យនាងមានពេលវេលារកប្រាក់ដើម្បីសងបំណុល និងចិញ្ចឹមកូនៗក្នុងបន្ទុកឬក៏យ៉ាងណានោះទេ។ ប៉ុន្តែប្រសិនបើម្ចាស់បំណុលមិនទុកឱកាស និងបានប្តឹងនាងទៅតុលាការគឺនាងសុខចិត្តទទួលទោសកំហុស ហើយនាងស្នើឲ្យទស្សនិកជនមេត្តាជួយកូនៗនាងដែលនៅតូចដោយការបរិច្ចាគប្រាក់ម្នាក់មួយដុល្លារដើម្បីចិញ្ចឹមកូនៗនាងដែលនៅតូច។
គួរបញ្ជាក់ដែរថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះមានការភ្ញាក់ផ្អើលខ្លាំងសម្រាប់មហាជនក្រោយពីមានការទម្លាយជាបន្តបន្ទាប់ជុំវិញតារាកំប្លែងនាងខ្ញុងត្រូវបានគេបង្ហោះសារ និងឯកសារដើម្បីទាមទារឱ្យនាងចេញមុខដោះស្រាយបំណុល ហើយពេលនេះរឿងដែលមិននឹកស្មានគឺតារាកំប្លែងលំដាប់ជួរមុខអ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុងបានជំពាក់ប្រាក់គេរាប់សែនដុល្លាររហូតដល់មិនអាចដោះស្រាយបាន។ នាងក៏បានផ្តាំផ្ញើទៅដល់សិល្បករ និងមហាជនឲ្យមានប្រុងប្រយ័ត្នចំពោះការដោះបំណុលតាមរយៈការយកប្រាក់ចងការពីមួយទៅមួយ និងកុំប្រឹងប្រែងបង្អួតសម្ភារនិយម និងកិត្តិយសបែបក្លែងក្លាយនោះអី៕
ដោយ ៖ វឌ្ឍនា