ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​ បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១៤នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយករណីវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស

ចែករំលែក៖

ភ្នំពេញ​៖​ បេី​តាមការបញ្ជាក់ពី​នៅលេីបណ្ដាញសង្គមហ្វេសប៊ុករបស់​លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ នៅរសៀល​ថ្ងៃចន្ទ​ ទី១៨ ខែតុលា ឆ្នាំ២០២១នេះថា៖​ លោក​ បានបន្តចាត់ឲ្យក្រុមការងារ ដែលមានលោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង កាលពីម្សិលមិញនេះ​ នាំយកអំណោយជាស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១៤នាក់ ដែលជាប់ពាក់ព័ន្ធជាមួយករណីវិជ្ជមានជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាល និងធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួនក្នុង ក្នុងភូមិព្រែកកំពឹស និងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ 

នៅក្នុង​អំណោយ​ខាងលេីនេះ​រួមមាន៖ អង្ករ, មី, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ទឹកសុទ្ធ ព្រមទាំងឱសថបុរាណចិនព្យាបាលក្អក, ផ្តាស់សាយ, ក្តៅខ្លួន, ឈឺក្បាល, ការពារសួត។ 

ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូនចំពោះ ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាល និងធ្វើចត្តាឡីស័កតាមផ្ទះរៀងខ្លួនទាំងអស់ សូមអត់ធ្មត់នៅដាច់ដោយឡែកបន្តមួយរយៈទៀត ដើម្បីឲ្យប្រាកដថា បានជាសះស្បើយ និងមានសុវត្ថិភាព ជៀសឆ្ងាយពីជំងឺឆ្លងកូវីដ-១៩ និងសូមចូលរួមអនុវត្តឲ្យបាននូវវិធានការ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្កាទប់ស្កាត់ កូវីដ-១៩ ផងដែរ៕

ដោយ​៖ស​ តារា​


ចែករំលែក៖