ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានពីសាខាកាកបាទក្រហមកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២១នេះថា ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានរៀបចំពិធីផ្សព្វផ្សាយស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍និងស្វាយ ពីម្តាយទៅកូន ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩» ជូនដល់អ្នកផ្ទុកមេរោគអេដស៍ ស្ត្រីមានផ្ទៃពោះ និងស្ត្រីក្នុងវ័យបន្តពូជចំនួន ២១នាក់ មកពីភូមិចំនួន ៩ សង្កាត់ចំនួន៤ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ពិធីនេះបានប្រព្រឹត្តទៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ និងលោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងជាប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់សាខា ខេត្តកំពង់ចាម។
បន្ទាប់ពីបានស្តាប់បទបង្ហាញពី លោកស្រី មុំ ចន្ទី និងលោកបណ្ឌិត វ៉ា សុភ័ក្ត្រ លេខាធិការក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ រួចមក បងប្អូនអ្នកផ្ទុកមេរោគអេដស៍ ស្ត្រីមានផ្ទៃពោះ និងស្ត្រីក្នុងវ័យបន្តពូជទាំង ២១នាក់ បានសម្តែងនូវក្តីសប្បាយរីករាយដោយបានទទួលនូវចំណេះដឹងកាន់តែច្បាស់ស្តីពី មេរោគអេដស៍ ជំងឺអេដស៍ និងជំងឺស្វាយ ជាពិសេស សារសំខាន់នៃការពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ ការលេបឱសថប្រឆាំងមេរោគអេដស៍បានត្រឹមត្រូវ និងការធ្វេីតេស្តឈាមរកមេរោគអេដស៍ និងស្វាយ ដេីម្បីទប់ស្កាត់ការចម្លងពីម្តាយទៅកូន។ ទន្ទឹមនឹងនេះ ពួកគាត់ក៏បានលេីកឡេីងយ៉ាងក្បោះក្បាយពីវិធានការនានារបស់ក្រសួងសុខាភិបាល និងសារសំខាន់នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលនេះជាការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩។
ក្នុងឱកាសនោះដែរ លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំការផ្តាំផ្ញេីសួរសុខទុក្ខ និងក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លេីយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដេីម្បីសុខភាពស្ត្រីនិងកុមារ ជូនចំពោះបងប្អូន ក្មួយៗទាំងអស់ដែលចូលរួមកម្មវិធីថ្ងៃនេះ។
ជាមួយគ្នានេះ លោកស្រី ម៉ែន នារីសោភ័គ បានផ្តាំផ្ញេីដល់បងប្អូន ក្មួយៗទាំងអស់សូមបន្តផ្សព្វផ្សាយចំណេះដឹងឱ្យបានទូលំទូលាយ ដេីម្បីលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្តាយទៅកូន ឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ ក៏ដូចជាចូលរួមទទួលខុសត្រូវក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ ហេីយអនុវត្តការរស់នៅធម្មតា តាមគន្លងប្រក្រតីភាពថ្មី។
សូមបញ្ជាក់ថា អ្នកចូលរួមទាំង ២១នាក់ នៅទទួលបានការឧបត្ថម្ភពីកាកបាទក្រហមកម្ពុជា ក្នុងម្នាក់ៗរួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ មុង ភួយ សារុង ក្រមា អាវយឺត ជែល អាល់កុល ម៉ាស់ និងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ។
បន្ទាប់ពីកម្មវិធីខាងលេីនេះ លោកស្រី ម៉ែន នារីសោភ័គ និងសហការី បានអញ្ជេីញចុះសួរសុខទុក្ខ គ្រួសារអ្នកផ្ទុកមេរោគអេដស៍ចំនួន ១គ្រួសារ ដែលផ្ទុកមេរោគរយៈពេល ២២ឆ្នាំមកហេីយ ធ្លាប់ទទួលផលពីកាកបាទក្រហមកម្ពុជា ហេីយកំពុងរស់នៅបានយ៉ាងល្អប្រសេីរ ក្នុងកម្រិតជីវភាពធូរធារ នៅភូមិផ្អាវលិច ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម៕
ដោយ៖សហការី