ភ្នំពេញ៖ បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ បានបើកការស៊ើបសួរលើសុំណុំរឿង របស់ជនត្រូវចោទ ដែលជាតៃកុងរថយន្តបង្កជាគ្រោះថ្នាក់ចរាចរណ៍រហូតបណ្តាលឲ្យមនុស្ស៣នាក់បានស្លាប់ និង ៣នាក់ទៀតរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ក្នុងខណ្ឌពោធិ៍សែនជ័យ។
ជនត្រូវចោទ មានឈ្មោះពិត ហៃ វិចិត្រ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរអ្នករកសុីនៅខេត្តកោះកុង។
លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានី បានបើកកាស៊ើបសួរលើជនត្រូវចោទ ដល់ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ តំណាងអយ្យការបានចោទប្រកាន់លើជនត្រូវចោទ ពីបទបេីកបរដោយធ្វេសប្រហែស ខ្ជីខ្ជារ បេីកបរក្នុងស្ថានភាពស្រវឹង បណ្តាលឲ្យរបួស និងស្លាប់អ្នកដទៃច្រេីននាក់ តាមបញ្ញត្តិមាត្រា ៨៣ កថាខណ្ឌទី២ ចំណុច ខ-គ និងមាត្រា ៨៥ កថាខណ្ឌ ទី២ ចំណុច ខ-គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
គួររំលឹកថា កាលពី យប់ថ្ងៃសៅរ៏ ទី១៦ ខែតុលា ឆ្នាំ២០២១ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយមុនកើតហេតុគេបានឃើញបុរសម្នាក់រួមដំណើរនឹងបុរស ម្នាក់ទៀតបើករថយន្ដមួយគ្រឿងម៉ាក ធុនត្រា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AG-7060 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូងទៅជើង បានប៉ះម៉ូតូមួយគ្រឿង រងការខូចខាតបន្តិចបន្តួច តែមិនព្រមឈប់ដោះស្រាយនោះទេ ហើយបានព្យាយាមបើករត់ឡើងទៅផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះ លុះមកដល់កន្លែងកើតហេតុ ស្របមេឃកំពុងធ្លាក់ភ្លៀងផង បានរេចង្កូតមកទៅខាងស្ដាំដៃ ឡើងលើចិញ្ចើមផ្លូវ បុករះម៉ូតូ រទេះលក់សាច់គោអាំង និង សំយ៉ាបផ្ទះប្រជាពលរដ្ឋ រួមទាំងស្លាកសញ្ញាចរាចរណ៍ បណ្ដាលឲ្យដួល និង បែកបាក់រាយពេញផ្លូវ និងសម្ភារមួយចំនួនទៀតរងការខូចខាត ។ ចំណែកមនុស្សប្រុសស្រី៦ នាក់ដែរកំពុងឈរនៅចិញ្ចើមផ្លូវ បណ្ដាលឲ្យស្លាប់៣នាក់ នៅកន្លែងកើតហេតុភ្លាមៗ រីឯមនុស្សប្រុសស្រី៣នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ចំណែកតៃកុងរថយន្តត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន រួចរៀបចំសុំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ។ បច្ចុប្បន្នជនត្រូវចោទត្រូវបានតំណាងអយ្យការ ប្រគល់បន្តទៅឲ្យ ចៅក្រមស៊ើបសួរតាមនីតិវិធីច្បាប់៕
ដោយ៖ រ៉ារ៉ា