ខេត្តកំពត ៖ លោក ម៉ៅ ធនិន ដែល មហាជនដាក់រហស្សនាមថា «តុលាការមុខដែកខ្មែរ» ក្រោយពីផ្លាស់ប្តូរចេញពីខេត្តពោធិ៍សាត់មកធ្វើអភិបាលនៃគណៈអភិបាលខេត្តកំពតមិនទាន់បានប៉ុន្មានថ្ងៃ ផងលោកបានអញ្ជើញជួបជាមួយបងប្អូនប្រជាពលរដ្ឋក្នុងខេត្តជាលើកដំបូងចាប់តាំងពីលោកបានឡើងកាន់តំណែងជាអភិបាលខេត្តកំពត ដើម្បីស្វែងយល់ និងចូលរួមដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលជាតម្រូវការចាំបាច់តាមការស្នើសុំរបស់ប្រជាពលរដ្ឋ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នៅវេទិកាសាលាខេត្តកំពត។
ក្នុងជំនួបរបស់លោកម៉ៅ ធនិន ជាមួយបងប្អូនប្រជាពលរដ្ឋ និងអាជីវករក្នុងវេទិកាសាធារណៈលើកដំបូងនោះ បានធ្វើឱ្យអាជីវករផ្សារសាមគ្គីក្នុងសង្កាត់កំពង់បាយ ខេត្តកំពតសប្បាយរីករាយនិងអបអរសាទរជាខ្លាំងដែលលោកអភិបាលខេត្តបានណែនាំដល់អ្នកម៉ៅការភាស៊ី មិនត្រូវយកភាស៊ីលើសដែនកំណត់ ដែលមានចែងក្នុងសៀវភៅបន្ទុកនោះឡើយ ជាពិសេសហាមមិនឱ្យយកភាស៊ីពីក្មេងៗ មនុស្សចាស់ចាប់ពីអាយុ៦០ឡើង និងអាជីវករលើសពីសៀវភៅបន្ទុកឡើយ។
បន្ទាប់ពីបានប្រកាសតែងតាំងជាអភិបាលខេត្តកំពតកាលពីពេលថ្មីៗនេះលោក ម៉ៅ ធនិន ត្រូវបានបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពតអបអរសាទរជាខ្លាំងដោយសារតែលោកធ្លាប់មានស្នាដៃ ជាច្រើនក្នុងការដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការ ក្រោមនយោបាយឈ្នះ= ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន រហូតដល់មហាជនបានប្រសិទ្ធនាមឲ្យលោកថា តុលាការមុខដែកនៅខេត្តពោធិ៍សាត់ទៀតផង។ នៅក្នុងវេទិការដោះស្រាយជាលើកដំបូងជាមួយប្រជាពលរដ្ឋនាខេត្តកំពតនេះក៏មានគាំទ្រជាខ្លាំងពីសំណាក់បងប្អូនប្រជាពករដ្ឋដែលមានបញ្ហាផ្សេងៗ ពិសេសបញ្ហាដីធ្លីតែម្តង ដែលបានធ្វើឲ្យភាគីជម្លោះទាំងសងខាងទទួលយកដោយស្ម័គ្រចិត្ត។
សូមជម្រាបថា នេះជាលើកទីមួយហើយដែលលោកអភិបាលខេត្តបានធ្វើវេទិកាដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត បន្ទាប់ពីលោកត្រូវបានប្រកាសតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកំពតកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ៕
ដោយ ៖ ព្រែកសំរោង