ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីជូនព័ត៌មានបន្ថែម ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានវ័យចាស់ ស្រ្តីមានផ្ទៃពោះ ស្រ្តីបំបៅកូនដោយទឹកដោះ អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺផ្សេងៗ រួមទាំងជំងឺកូវីដ-១៩ និងអ្នកមានជំងឺប្រចាំកាយ។
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនដល់ប្រជាពលរដ្ឋដែលមានវ័យចាស់ ស្ត្រីមានផ្ទៃពោះ ស្តី្របំបៅកូនដោយទឹកដោះ អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺផ្សេងៗ រួមទាំងជំងឺកូវីដ-១៩ និងអ្នកមានជំងឺប្រចាំកាយ។
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមជម្រាបជូនដល់ សាធារណជនជ្រាបថា រហូតមកដល់បច្ចុប្បន្ននេះ (គ.វ,ក-១៩) សង្កេតឃើញថា មានប្រជាពលរដ្ឋ និងកុមារចាប់ពីអាយុ៦ឆ្នាំឡើង បានស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ-១៩ បានយ៉ាងច្រើន ក្នុងចំណោមនោះក៏មានលោកតា និងលោកយាយ ដែលមានអាយុ លើសពី១០០ឆ្នាំ បានមកចាក់វ៉ាក់សាំងកូវីដ-១៩ ប្រកបដោយសុវត្ថិភាពផងដែរ។ ទន្ទឹមគ្នានេះដែរ( គ.វ.ក-១៩) សង្កេតឃើញថា នៅមានប្រជាពលរដ្ឋមួយចំនួនតូចមិនទាន់បានស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងកូវីដ-១៩ នៅឡើយ ដោយសារមូលហេតុផ្សេងៗ។
(គ.វ.ក-១៩) សូមធ្វើការក្រើនរំលឹកជូនសាធារណជនជ្រាបផងដែរថា ចំពោះអ្នកជំងឺកូវីដ-១៩ ដែលបានស្លាប់ កន្លងមក ភាគច្រើនជាអ្នកដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូចនេះដើម្បីកាត់បន្ថយសភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ និង កាត់បន្ថយជាអតិបរមា នូវអត្រាស្លាប់ដែលបណ្តាលមកពីជំងឺកូវីដ-១៩ (គ.វ.ក-១៩) សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ស្ម័គ្រចិត្តទៅចាក់វ៉ាកំសាំងកូរីដ-១៩ ដោយបងប្អូនអញ្ជើញទៅពិគ្រោះជាមួយគ្រូពេទ្យនៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដែលស្ថិតនៅជិតទីសំណាក់របស់បងប្អូនឱ្យបានគ្រប់ៗគ្នា។ ចំពោះប្រជាពលរដ្ឋដែលជាក្រុមគោលដៅ និងជាក្រុមដែល ប្រឈមទៅនឹងហានិភ័យនៃភាពធ្ងន់ធ្ងរជំងឺកូវីដ-១៩ ដែលអាចស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ-១៩ មានដូចខាងក្រោម ៖
– ប្រជាពលរដ្ឋដែលមានវ័យចាស់ ស្ត្រីមានផ្ទៃពោះ ឬបំបៅកូនដោយទឹកដោះ
អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ មានរយៈពេលចាប់ពី៤ខែឡើង ឬអ្នកដែលបានជាសះស្បើយពីជំងឺផ្សេងៗទៀត
– អ្នកដែលមានជំងឺប្រចាំកាយ ប៉ុន្តែមានស្ថានភាពនឹងនរ អាចគ្រប់គ្រងបាន
(គ.វ.ក-១៩) សូមជម្រាបជូនដល់ លោក លោកស្រី ប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត សូមបន្តធ្វើការណែនាំបន្ថែមដល់ លោក លោកស្រី ប្រធានមន្ទីរសុខាភិបាល រាជធានី-ខេត្ត ត្រូវធ្វើសេចក្តីជូនដំណឹងទៅគ្រប់ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងអស់ឱ្យផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ក្រុមគោលដៅ ដែលបានជម្រាបជូនខាងលើឱ្យមានភាពរលូននៅគ្រប់ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងអស់។ ជាមួយគ្នានេះដែរ( គ.វ.ក-១៩) សូមធ្វើការណែនាំដល់ លោក លោកស្រី ប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុង ក្របខណ្ឌរាជធានី-ខេត្ត អនុវត្តការធ្វើសម្រង់ចំនួនឱ្យបានច្បាស់លាស់នៅតាមផ្ទះ នីមួយៗនូវអ្នកដែលមិនទាន់បានចាប់ វ៉ាក់សាំងកូវីដ-១៩ និងមូលហេតុច្បាស់លាស់ ហើយជំរុញការអប់រំដើម្បីឱ្យពួកគាត់យល់ពីសារប្រយោជន៍របស់វ៉ាក់សាំង កូវីដ-១៩ និងសម្រេចចិត្តចាក់ឱ្យបានគ្រប់ៗគ្នាទោះជាមានវ័យចាស់ក៏ដោយ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ និងស្របទៅនឹងបរិបទក្នុងពេលបច្ចុប្បន្ន ដែលកំពុងមានការរាតត្បាតនៅលើ ពិភពលោក ក៏ដូចជានៅតាមបណ្តាប្រទេសនីមួយៗពីវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីៗ ជាពិសេសវីរុសបំប្លែងខ្លួនថ្មីប្រភេទដែលតា ដែលកំពុងចរាចរយ៉ាងសកម្មនៅប្រទេសជាច្រើន ក៏ដូចជាប្រទេសកម្ពុជាផងដែរនោះ (គ.វក.-១៩) សូមអំពាវនាវដល់លោកអ៊ុំ ពូមីង ពុកម៉ែ បងប្អូន ព្រមទាំងក្មួយៗ ដែលមានអាយុចាប់ពី៦ឆ្នាំឡើងទាំងអស់ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ សូមរួសរាន់ស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ-១៩- ឱ្យបានគ្រប់គ្នា ដើម្បីបង្កើតភាពស៊ាំក្នុងខ្លួន និងភាពសាំក្នុងសហគមន៍ សម្រាប់ ទប់ទល់ពីការវាយលុកនៃវីរុសកូវីដ-១៩ សំដៅកាត់បន្ថយភាពធ្ងន់ធ្ងរនៃអ្នកជំងឺកូវីដ-១៩ និងកាត់បន្ថយនូវអត្រាសម្រាក ពេទ្យ ក៏ដូចជាកាត់បន្ថយជាអតិបរមានូវអត្រាស្លាប់ដែលបណ្តាលមកពីជំងឺកូវីដ-១៩។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានចម្ងល់ពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងកូវីដ-១៩. សូមទំនាក់ទំនងមកកាន់ លេខទូរស័ព្ទខាងក្រោមដែលមានក្នុងសេចក្តីជូនដំណឹងនេះ ៕
ដោយ ៖ សិលា