ព័ត៌មានទាន់ហេតុការណ៍៖

អ្នកដំណើរ២១នាក់រួចផុតពីសេចក្តីស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ(មានវីដេអូ)

ចែករំលែក៖

កម្លាំងប៉ូលិសរដ្ឋតិចសាស់បានបញ្ជាក់ថា អ្នកដំណើរទាំង២១នាក់ និងក្រុមអាកាសយានិកបានរួចផុតពីសេចក្តីស្លាប់ ហើយបញ្ជូនចេញពីយន្តហោះដោយសុវត្ថិភាពមុនពេលយន្តហោះឆាបឆេះ។

សារព័ត៌មាន RT នៅថ្ងៃទី១៩ ខែតុលា បានផ្សាយថា យន្តហោះដឹកអ្នកដំណើរធុនតូចមួយគ្រឿងបានធ្លាក់ហើយឆាបឆេះនៅទីក្រុង Houston រដ្ឋតិចសាស់ សហរដ្ឋអាមេរិក ។ ប៉ុន្តែជារឿងដ៏អស្ចារ្យណាស់ដែលអ្នកដំណើរទាំងអស់មិនមានអ្នកណាស្លាប់នោះឡើយ។
តាមការលើកឡើងរបស់ក្រសួងសន្តិសុខរដ្ឋតិចសាស់បានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់កើតឡើងនៅស្រុក Waller ជិតអាកាសយានដ្ឋាន Houston នាវេលាម៉ោង១០ ព្រឹកថ្ងៃទី១៩ខែតុលា(ពេលវេលាក្នុងតំបន់)។ យន្តហោះដែលជួបគ្រោះថ្នាក់ជាប្រភេទ MD-80 មានគោលដៅទៅកាន់ទីក្រុង Boston។
ប៉ុន្តែយន្តហោះខាងលើមិនអាចហោះហើរក្នុងកម្ពស់ខ្ពស់ចាំបាច់នៅចុងបញ្ចប់នៃផ្លូវហោះហើរទើបធ្លាក់ចុះដីវិញ ហើយក៏ឆាបឆេះតែម្តង។
លោក Troy Guidry ស្នងការប៉ូលិសក្នុងតំបន់បានឱ្យដឹងថា អ្នកដំណើរទាំង២១នាក់និងក្រុមអាកាសយានិកបានចាកចេញពីយន្តហោះទាន់ពេលវេលា ក្នុងនោះមានម្នាក់ប៉ុណ្ណោះរងរបួសចំខ្នងហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យ៕ដោយ៖ធីរីណា

រូបថត៖ RT


ចែករំលែក៖