មន្ត្រីទីក្រុងបាងកក ប្រទេសថៃ បានប្រកាសថា នៅថ្ងៃទី២០ខែតុលា មានពលរដ្ឋដល់ទៅ៧០% ក្នុងទីក្រុងនេះ(ស្មើនឹង៥,៤៣លាននាក់) បានចាក់វ៉ាក់សាំងរួចរាល់គ្រប់ចំនួនពីរដូស។
អភិបាលរងទីក្រុងបាងកកលោក Sophon phisuthiwong បានឱ្យដឹងថា រាជធានីបាងកកបានត្រៀមលក្ខណៈរួចរាល់ហើយដើម្បីបើកទ្វារដំណើរការសេដ្ឋកិច្ចទាំងស្រុងឡើងវិញនៅខែវិច្ឆិកាខាងមុខ ។
គិតត្រឹមថ្ងៃទី១៩ខែតុលា មានពលរដ្ឋក្នុងទីក្រុងបាងកកជាង ៨,១៣លាននាក់បានចាក់វ៉ាក់សាំង ដូសទីមួយ ។ ក្នុងនោះមាន ៥,៤៣លាននាក់បានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស ។ មន្ត្រីទីក្រុងបាងកកបានកំណត់គោលដៅចាក់ជូនពលរដ្ឋទីក្រុងនេះឲ្យបាន៨០%នៅថ្ងៃទី៣០ខែតុលា។
នៅពេលនេះដែរករណីឆ្លងកូវីដ-១៩នៅក្នុងប្រទេសថៃបានថយចុះក្រោម១ម៉ឺននាក់ក្នុងមួយថ្ងៃ។ ក្រសួងសុខាភិបាលថៃនៅថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨,៩១៨ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន៧៩នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១០,៨៧៨នាក់ផ្សេងទៀតទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយពីជាសះស្បើយ។
រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៨១១,៨៥២ករណី ក្នុងនោះមានអ្នកស្លាប់ ១៨,៤៨៦នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៦៨៩,៨៥៩នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប៦៦.៣៥លានដូស ក្នុងនោះប្រជាជន ២៦.៣៦លាននាក់ (៣៧.៦៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ដោយ៖ធីរីណា
រូបថត៖TTXVN-VNA
រូបថត៖AFP