ព័ត៌មានទាន់ហេតុការណ៍៖

បិសាចក្រហមវាយបកយកឈ្នះ ឡើងឈរលេខ១ក្នុងពូល F វគ្គជម្រុះ Champions League

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United បានបន្តយកឈ្នះគូប្រកួតក្នុងការប្រកួតវគ្គជម្រុះតាមពូល ក្នុងពូលF នៃក្របខ័ណ្ឌ Champions League កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ តុលា ដោយបានវាយបកយកឈ្នះក្រុមភ្ញៀវ Atalanta ក្នុងលទ្ធផល៣ទល់២។

ខ្សែប្រយុទ្ធ Cristiano Ronaldo បានរកគ្រាប់បាល់ជ័យជម្នះចុងក្រោយនៅនាទីទី៨១ ក្រោយពីប្រកួតស្មើគ្នា២ទល់២។ក្រុមរបស់លោក Ole Gunnar Solskjaer ត្រូវបានគេនាំមុខ២គ្រាប់នៅតង់ទី១ ដោយការស៊ុតបញ្ចូលទីពីកីឡាករ Mario Pasalic និង Merih Demiral នៅនាទីទី១៥ និងនាទីទី២៨។

ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមបិសាចក្រហម Man United ធ្វើបានល្អវិញដោយបន្តវាយបក៣គ្រាប់វិញដែលគ្រាប់ទី១រកបានដោយ Marcus Rashford នៅនាទីទី៥៣។ គ្រាប់ទី២រកបានដោយខ្សែការពារ Harry Maguire នៅនាទីទី៧៥ ហើយនៅនាទីទី៨១ Ronaldo រកបានគ្រាប់ទី៣ឲ្យបិសាចក្រហម ដែលជាគ្រាប់ជ័យជម្នះក្នុងការប្រកួតជម្រុះតាមពូលសប្តាហ៍ទី៣នេះ។

លទ្ធផលនេះធ្វើឲ្យក្រុមបិសាចក្រហម Manchester United ទទួលបាន៣ពិន្ទុបន្ថែម សរុប៦ពិន្ទុ ឡើងឈរចំណាត់ថ្នាក់លេខ១ក្នុងពូល F ដែលមាន៦ពិន្ទុ ពីការប្រកួត៣ប្រកួតគឺចាញ់១ និងឈ្នះ២។ ចំណែកក្រុម Atalanta ធ្លាក់មកឈរលេខ២ ស្មើពិន្ទុគ្នាជាមួយក្រុម Villarreal ៤ពិន្ទុដូចគ្នា ក្រោយពីក្រុមនេះបានយកឈ្នះក្រុម Young Boys ៤ទល់១ក្នុងការប្រកួតកាលពីយប់មិញដែរ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖