ភ្នំពេញ ៖ អ្នកវិភាគបញ្ហាសង្គម បានសម្ដែងការប្រតិកម្មទៅកាន់ក្រុមអ្នកចោទប្រកាន់កម្ពុជា ថាគ្មានប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ថា បើកម្ពុជាគ្មានសេរីភាព ហេតុអ្វីក្រុមអ្នកនយោបាយប្រឆាំង និងអង្គការប្រឆាំង អាចធ្វើសកម្មភាព នានា បានដោយមិនមានការរឹតត្បិត។ តែយ៉ាងណាលោកអះអាងថា ពួកគេទាំងនោះត្រូវតែនិយាយខុសពីការពិត ដើម្បីយកករណីប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពសារព័ត៌មាននេះ ទៅបំផុសដើម្បីឲ្យមានការផ្ដួលរំលំរាជរដ្ឋាភិបាល។
អ្នកវិភាគបញ្ហាសង្គម លោក ជា ច័ន្ទបរិបូរណ៍ មានប្រសាសន៍ថា ក្រុមអ្នកប្រឆាំង នៅតែបន្តចោទប្រកាន់កម្ពុជា ប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាពសារព័ត៌មាន កាន់តែអាក្រក់ទៅៗ។ ការចោទដូចនេះលោកអ្នកវិភាគថា មិនមែនជារឿងចម្លែកអ្វីទេ ពីព្រោះតែពួកគេជាក្រុមចាំតែចោទនិងមូលបង្កាច់បែបនេះហើយ ពីព្រោះតែពួកគេពុំទាន់បានកាន់អំំណាច។ នៅត្រង់នេះលោកបានពន្យល់អំពីការចោទប្រកាន់លើលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាយ៉ាងច្នេះថា នេះគឺជាការតែងនិពន្ធរបស់ក្រុមដែលប្រឆាំងកម្ពុជា។
ជាងនេះលោកសង្កត់ធ្ងន់ថា ករណី ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង សេរីភាពសារព័ត៌មាននេះ គឺគេនៅតែយកមកធ្វើកម្មវត្ថុកៀបរឹតកម្ពុជា។ ពួកគេបានយកមកប្រើជារឿយៗដោយគ្រាន់តែប្ដូរឈ្មោះមេស្ថាប័នដែលចោទប្រកាន់លើកម្ពុជាតែប៉ុណ្ណោះ ។ លោកអះអាងថា ពាក្យទាំង៣នៅខាងលើនេះ ពួកគេបានបំផ្លាញប្រទេសជាច្រើនរួចមកហើយ ក៏ប៉ុន្ដែសម្រាប់កម្ពុជាពួកគេធ្វើមិនបាន ព្រោះប្រមុខដឹកនាំកម្ពុជាមានភាពប៉ិនប្រសព្វ។ យ៉ាងណាថ្វីបើកម្ពុជាមានប្រមុខដឹកនាំពូកែក្ដី ក៏ពួកគេមិនបោះបង់មហិច្ឆតាក្នុងការយកបញ្ហាខាងលើមកបង្ករភាពវឹកវនៅកម្ពុជាឡើយ។
លោក ជា ច័ន្ទបរិបូណ៍ បានធ្វើការពន្យល់ថា ប្រជាធិបតេយ្យ គឺជាមនោគមន៍មួយដែលល្អ តែមិនមែនគ្រប់ប្រទេសត្រូវតែអនុវត្ដលទ្ធិនេះតាមប្រទេសណាមួយនោះទេ ពីព្រោះប្រទេសនីមួយៗមានប្រពៃណី វប្បធម៌ផ្សេងៗគ្នា ហើយដើម្បីអនុវត្ដលទ្ធិប្រជាធិបតេយ្យបានគឺទាមទារឲ្យប្រជាជនគោរពច្បាប់។ ដោយឡែកសិទ្ធិសេរីភាព មនុស្សគ្រប់គ្នាមានដោយគ្មានការគ្របសង្កត់ឡើយ តែសិទ្ធិសេរីភាពត្រូវអនុវត្ដដោយគោរពច្បាប់។ ករណីនេះលោកសង្កត់ធ្ងន់ថា មិនអាចយកមនុស្សប្រព្រឹត្ដអំពើល្មើសច្បាប់មកចងភ្ជាប់ថា ជាការអនុវត្ដសិទ្ធិនោះទេ។ ត្រង់នេះលោកប្រាប់ឲ្យអ្នកដែលកំពុងតែនិយាយទាំងទទឹស ត្រូវមើលច្បាប់ហើយកុំព្យាយាមបំភ្លៃ។ ចំណែកចំពោះការចោទថា កម្ពុជាបានបំបិទសេរីភាពសារព័ត៌មាន លោកអះអាងថា ពួកគេនោះគឺសុទ្ធតែក្រុមបនភឿនក្រុមផ្ដួលរំលំរាជរដ្ឋាភិបាល ពួកគេស្រែកថា កម្ពុជាគ្មានសេរីភាព ទាំងដែលពួកគេកំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគ្រែង។
យ៉ាងណាជុំវិញការចោទប្រកាន់កម្ពុជា ថា បំបិទសិទ្ធិបញ្ចេញមតិ គ្មានប្រជាធិបតេយ្យ នេះ សម្ដេចតេជោ ហ៊ុនសែន កាលពីពេលទៅកន្លងទៅក៏បានលើកឡើងដែរថា បើកម្ពុជាគ្មានសិទ្ធិម្លេះក្រុមអង្គការ និងអ្នកប្រឆាំងទាំងឡាយគ្មានឱកាសនឹងបាននិយាយបរិហារាជរដ្ឋាភិបាលដូចសព្វថ្ងៃនេះទេ៕
ដោយ៖លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន