ព័ត៌មានទាន់ហេតុការណ៍៖

យុវតីសិស្សសាលាម្នាក់ជិះម៉ូតូមិនប្រកាន់ស្ដាំជ្រុលទៅបុកម៉ូតូដែលជិះបញ្ច្រាសគ្នាបណ្តាលឱ្យរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មនុស្សប្រុសស្រី២នាក់បានរងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបើកមិនប្រកាន់ស្ដាំទៅបុកម៉ូតូដែលជិះបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចលើភ្លឺព្រែក ក្នុងភូមិចំបក់ ឃុំក្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

នគរបាលស្រុកស្វាយជ្រំបានឱ្យដឹងថា អ្នកបើកម៉ូតូបង្កហេតុមានឈ្មោះ អុិន ស្រីរ៉េត ភេទស្រី អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិឈូកស ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខស្វាយរៀង ១D-២៥៨៨ ។ ចំណែកភាគីរងគ្រោះមានឈ្មោះម៉ៅ សុផល ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ១BM-៤៤៤៧ ខូចខាតស្រាល។

តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានយុវតីម្នាក់បានជិះម៉ូតូម៉ាកហុងដា ឌ្រីម C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខស្វាយរៀង ១D-២៥៨៨ ក្នុងល្បឿនលឿនមិនប្រកាន់ស្ដាំស្រាប់តែទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ១BM-៤៤៤៧ដែលបើកក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹក។

ក្រោយមកអ្នករបួសធ្ងន់ត្រូវបានបងប្អូនក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។ ចំណែកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រួស ដើម្បីដោះស្រាយនាពេលក្រោយតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖