ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកម្ដាយជាប់រវល់ធ្វើការងារនិងមានការ ធ្វេសប្រហែសផងធ្វើឱ្យកូនលង់ទឹកស្រែស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្មេងប្រុសម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញស្លាប់នៅក្នុងទឹកស្រែបង្កឱ្យមានការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ច បន្ទាប់ពីឪពុកម្ដាយមានការធ្វេសប្រហែសព្រោះជាប់រវល់ធ្វើការងារភ្លេចខ្លួនបណ្ដាលឱ្យកូនឈ្លក់ទឹកស្លាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ស្ថិតនៅភូមិព្រៃតាពៅ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ក្មេងខាងលើមានឈ្មោះឈាក ជំនិត  អាយុ២ឆ្នាំ នៅភូមិព្រៃតាពៅ ឃុំចំបក់ ស្រុកស្វាយជ្រំ។

ប្រភពបន្តថា ក្រោយពីសមត្ថកិច្ចជំនាញស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងក្រុមគ្រូពេទ្យបានពិនិត្យនិងសន្និដ្ឋានថា សាកសពទាំងមូលមិនឃើញ មានស្នាមដាច់រលាត់ឬពកអ្វីគួរឲ្យកត់សម្គាល់ទេ គឺស្លាប់ដោយសារមូលហេតុលង់ទឹកស្រែប្រាកដមែន។ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖យឹម សុថាន


ចែករំលែក៖