ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំងអស់ការពារឱ្យបាននូវការវាយកម្ទេចនិងបំផ្លាញសំណង់អគារបេតិកភណ្ឌនៅក្នុងមូលដ្ឋានរបស់ខ្លួន ខណៈដែលសំណង់អគារបេតិកភណ្ឌទាំងនេះត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសារាចរលេខ០៨ សរ ចុះថ្ងៃទី១២ ខែតុលា របស់រាជរដ្ឋាភិបាលស្តីពីការទប់ស្កាត់ការវាយកម្ទេចនិងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ ។
ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេង ( Video Conference ) ជាមួយអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធកាលពីរសៀលថ្ងៃទី២២ខែតុលាឆ្នាំ២០២១នេះនៅសាលារាជធានីភ្នំពេញ ។
លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ការបើកកិច្ចប្រជុំនេះឡើង គឺដើម្បីឱ្យអាជ្ញាធរដូចជាមន្ទីរពាក់ព័ន្ធទាំងអស់អនុវត្តឱ្យបាននូវសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការទប់ស្កាត់ការវាយកម្ទេចនិងការបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា ក្រោយកិច្ចប្រជុំនេះ យើងនឹងបង្កើតឲ្យមានក្រុមការងារមួយចុះពិនិត្យនិងស្រង់ស្ថិតិអគារបេតិកភណ្ឌដែលមាននៅក្នុងរាជធានីភ្នំពេញទាំងអស់ ។ ក្រោយមកទៀតយើងនឹងប្រគល់អគារបេតិកភណ្ឌទាំងនោះទៅឲ្យអាជ្ញាធរខណ្ឌធ្វើការគ្រប់គ្រងបន្ត។ ការធ្វើបែបនេះ ទើបយើងអាចរក្សាអគារបេតិកភណ្ឌទាំងនេះបានគង់វង្ស។
បើយោងតាមរយៈសារាចរលេខ០៨ សរ ចុះថ្ងៃទី១២ ខែតុលា របស់រាជរដ្ឋាភិបាលស្តីពីការទប់ស្កាត់ការវាយកម្ទេចនិងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ មានន័យថា៖ ដើម្បីឱ្យការងារអភិរក្សតំបន់បេតិកភណ្ឌទីក្រុង ដែលមានសំណង់អគារសាសនាផ្សេងៗ សំណង់ សាធារណៈ សំណង់ឯកជន ភូមិឋាន និងផ្ទះបុរាណ ស្របតាមច្បាប់ស្ដីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/២៦ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៩៦ រាជរដ្ឋាភិបាលបានហាមឃាត់ចំពោះការកែប្រែ ការប្ដូររូបរាងខាងក្រៅឬធ្វើឱ្យខូចខាតសោភណភាពចំពោះសំណង់នៃតំបន់បេតិកភណ្ឌទីក្រុង។ ទប់ស្កាត់ការវាយកម្ទេចនិងបំផ្លិចបំផ្លាញសំណង់វប្បធម៌ ប្រវត្តិសាស្ត្រ សំណង់បុរាណ និងសំណង់អគារបេតិកភណ្ឌ ដើម្បីការពារឱ្យបានគង់វង្ស។ បញ្ឈប់ជាបន្ទាន់ចំពោះការបំផ្លាញអគារបេតិកភណ្ឌក្នុងតំបន់ការពារនិងក្រៅតំបន់ការពារដោយផ្ដោតលើយុទ្ធសាស្ត្រ គោលនយោបាយ និងផែនទីចង្អុលបង្ហាញ ដើម្បីជំរុញការអភិរក្សនិងការអភិវឌ្ឍទីក្រុងបេតិកភណ្ឌប្រកបដោយនិរន្តរភាព។ សំណង់អគារបេតិកភណ្ឌដែលនឹងត្រូវធ្វើការជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោល ត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន៕
ដោយ៖ សំរិត