ខេត្តព្រះសីហនុ : សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា កាលពីវេលាម៉ោង០២រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ខណ្ឌរដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ បានចុះពិនិត្យ និងទប់ស្កាត់សកម្មភាពកាប់រានដីព្រៃឈើ នៅចំណុចបាតខ្ទះ ស្ថិតនៅភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នៅពេលក្រុមការងារចម្រុះ បានចុះទៅដល់ចំណុចកើតហេតុខាងលើ ឃើញមានមនុស្សចំនួន៥៨នាក់ កំពុងធ្វើសកម្មភាពកាប់រានដីព្រៃ និងចងតង់ធ្វើជាជម្រក ក្នុងនោះក្រុមការងារចម្រុះបានធ្វើការណែនាំឱ្យពួកគាត់បញ្ឈប់សកម្មភាព និងត្រឡប់ទៅលំនៅដ្ឋានវិញ។ សូមបញ្ជាក់ផងដែរក្រុមការងារចម្រុះ បានប្រើប្រាស់ពេលវេលាជាច្រើនម៉ោង ក្នុងការពន្យល់អំពីផ្លូវច្បាប់ និងការណែនាំផ្សេងៗតែក្រុមទាំងនោះមិនស្តាប់ ហើយបានប្រើអំពើហិង្សាគប់ដបសាំងមកលើកម្លាំងសមត្ថកិច្ចថែមទៀត ដូច្នេះដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា ទើបក្រុមការងារចម្រុះបានដកថយដើម្បីរង់ចាំការណែនាំបន្ត។
រហូតដល់ម៉ោង០៧ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដោយមានការណែនាំ ពីឯកឧត្តម គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្ត និងការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្រុមការងារចម្រុះបានចុះទៅកន្លែងកើតហេតុជាលើកទី២ ដើម្បីឃាត់ខ្លួនមនុស្ស ដែលកំពុងនៅលើទីតាំងជាក់ស្តែងបានចំនួន៤៣នាក់ ស្រី០៨នាក់ ក្នុងនោះបានបញ្ជូនជនសង្ស័យចំនួន០៦នាក់ ទៅស្នងការដ្ឋានខេត្តព្រះសីហនុ ដើម្បីសួរនាំបន្ត ដោយឡែកអ្នកពាក់ព័ន្ធចំនួន៣៧នាក់ទៀត បន្ទាប់ពីធ្វើការសាកសួរ និងធ្វើកិច្ចសន្យា គឺបានឱ្យមេឃុំចៅសង្កាត់របស់ពួកគាត់មកធានាត្រឡប់ទៅលំនៅដ្ឋានវិញ។
យោងតាមចម្លើយរបស់បងប្អូនប្រជាពលរដ្ឋទាំងនោះគឺមានទាំងអ្នកក្នុងខេត្ត និងក្រៅខេត្ត គឺត្រូវបានមេខ្យល់ដែលមានអង្គការចាត់តាំង បានធ្វើការបោកបញ្ឆោតឱ្យចូលទៅកាប់រានដីព្រៃឈើដើម្បីយកដីចែកគ្នា។
រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចាញ់បោកមេខ្យល់ និងជនខិលខូច ដោយធ្វើការញុះញង់ឱ្យទៅកាប់រានទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិ ឬរំលោភបំពានលើដីកម្មសិទ្ធឯកជន និងការប្រើប្រាស់អំពើហិង្សាប្រឆាំងមន្ត្រីសាធារណៈជាដើម ដែលទង្វើនេះ នឹងធ្វើឱ្យបងប្អូនក្លាយខ្លួនជាជនល្មើសនឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ថែមទៀត ៕
ដោយ ៖ ឆ្លាម សមុទ្រ