ភ្នំពេញ ៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌទួលគោក សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ នៅវេលាម៉ោង៩យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ បានឆ្មក់បង្ក្រាបទីតាំងភោជនីយដ្ឋានមួយកន្លែងមានយីហោ DM ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៥ កែងនឹងផ្លូវលេខ១១៨ ក្នុងសង្កាត់ផ្សាដេប៉ូទី៣ ខណ្ឌទួលគោក ដែលលួចបើកខារ៉ាអូខេ រាំលេងកម្សាន្ត ល្មើសនឹងវិធានការរដ្ឋបាលរាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្សប្រុសស្រីបាន៦៧នាក់។
សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីមានការស៊ើបអង្កេតដឹងថាទីតាំងភោជនីយដ្ឋានយីហោDM លួចបើកខារ៉ាអូខេបង្កឲ្យមានមនុស្សប្រមូលផ្តុំច្រើន និងមានរថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការហ៊ុមព័ទ្ធ ខណៈដែលម្ចាស់រថយន្ត កំពុងតែអង្គុយផឹកសុីច្រៀងរាំសប្បាយនៅខាងក្នុងភោជនីយដ្ឋាននេះល្មើសនឹងវិធានការរដ្ឋបាលរាជធានីភ្នំពេញ ក្នុងនោះមនុស្សប្រុសស្រីចំនួន៦៧នាក់ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឃាត់ខ្លួន រួចទំនាក់ទំនងទៅក្រុមគ្រូពេទ្យចុះទៅយកសំណាកនៅក្នុងភោជនីយដ្ឋាននេះតែម្តង ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញគឺបានអនុញ្ញាតចំពោះតែភោជនីយដ្ឋាន អាហារដ្ឋាន ដែលធានាបាននូវវិធានសុវត្ថិភាពផ្នែកសុខាភិបាលប៉ុណ្ណោះ ជាពិសេសការរក្សាបាននូវគម្លាតសុវត្ថិភាពបុគ្គលនិងសង្គម អាចដំណើរការអាជីវកម្មជាប្រក្រតីនិងអាចទទួលឱ្យភ្ញៀវចូលទទួលទានបានក្នុងបរិវេណទីតាំង ប៉ុន្តែចាំបាច់ត្រូវកំណត់ចំនួនអតិថិជនក្នុងបរិវេណសមរម្យ សមាមាត្រទៅនឹងទំហំទីតាំងដើម្បីរក្សាឱ្យបានជាដាច់ខាតនូវគម្លាតសុវត្ថិភាព បុគ្គលនិងសង្គម និងធានាឱ្យមានខ្យល់ចេញចូលគ្រប់គ្រាន់ដោយត្រូវចៀសវាងការប្រជ្រៀតគ្នា ឬប្រមូលផ្តុំមនុស្សច្រើនដែលជាហានិភ័យនៃការចម្លងវីរុសកូវីដ-១៩។
សូមបញ្ជាក់ថា ភោជនីយដ្ឋានដែលត្រូវអនុញ្ញាតក្នុងចំណុចខាងលើដាច់ខាតមិនត្រូវលក់គ្រឿងស្រវឹងឬអនុញ្ញាតឱ្យអតិថិជនសេពគ្រឿងស្រវឹងគ្រប់ប្រភេទក្នុងបរិវេណអាជីវកម្មរបស់ខ្លួនឡើយ។ប៉ុន្តែភោជនីយដ្ឋានខាងលើ បានទទួលភ្ញៀវផឹកស៊ីយ៉ាងសប្បាយ ល្មើសនឹងវិធានការសុខាភិបាល និងសេចក្តី ណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញទៅវិញ អាចបង្កឱ្យមានហានិភ័យ និងការរីករាលដាលនូវជំងឺកូវីដ-១៩។
បច្ចុប្បន្នមនុស្សប្រុសស្រីទាំងនោះត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ ៖ ភារ៉ា និងរ៉ារ៉ា