ខេត្តស្វាយរៀង៖ លោក ឡុង ណារិន ប្រធានក្រុមការងារចុះជួយឃុំគ្រួស និងលោក អ៉ឹម សារ៉ា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំគ្រួស បានអញ្ជើញជួបសំណេះសំណាលនិងធ្វើការជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតជាក្រុមប្រឹក្សាឃុំគ្រួស ស្រុកស្វាយជ្រំ នាព្រឹកថ្ងៃទី២៣ ខែតុលាឆ្នាំ២០២១ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំគ្រួស។
ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោក តូច ប៉ូលីវ៉ា អភិបាលរង ខេត្តស្វាយរៀង លោក ហាន បូរិន អនុប្រធានក្រុមការងារនិងសមាជិកក្រុមការងារបក្សជាច្រើនរូបផងដែរ។
លោក ឡុង ណារិន ប្រធានក្រុមការងារចុះជួយឃុំក៏ដូចជាលោកអ៉ឹម សារ៉ា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខនិងនឹករលឹកពីសំណាក់លោកចៅ ភិរុណ ប្រធានក្រុមការងារចុះជួយស្រុកស្វាយជ្រំដល់សមាជិកសមាជិកាបក្សឃុំផងដែរ។
លោកបន្តថា ការជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតជាក្រុមប្រឹក្សាឃុំគ្រួសនាពេលនេះ គណបក្សប្រជាជនកម្ពុជាយើងបានចាត់ទុកជាកិច្ចការសំខាន់ណាស់ គឺជាកត្តាកំណត់ក្នុងយុទ្ធនាការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់គណបក្សដោយហេតុថាមានធនធានមនុស្សប្រកបដោយសមត្ថភាពក្នុងកិច្ចការពារសន្តិភាពឱ្យបានគង់វង្សស្ថិតស្ថេរដើម្បីអភិវឌ្ឍភូមិឃុំយើងឲ្យកាន់តែរីកចម្រើន។
លោកបានជម្រាបជូនដោយសង្ខេបអំពីរបៀបឬវិធីសាស្ត្រជ្រើសរើសបេក្ខជននាឱកាសនេះមានខ្លឹមសារដូចខាងក្រោម៖
១-បេក្ខជនមានឈ្មោះនៅក្នុងបញ្ជីដែលជាសន្លឹកឆ្នោតនាពេលនេះ ក្រុមការងារនិងគណៈអចិន្ត្រៃយ៍គណបក្សឃុំបានជ្រើសរើសអ្នកដែលមានគោលជំហរស្មោះត្រង់ដាច់ខាតចំពោះគណបក្សប្រជាជនយើង មានសមត្ថភាពអាចរ៉ាប់រងបំពេញកិច្ចការទាំងឡាយសម្រាប់អភិវឌ្ឍភូមិឃុំរបស់យើងនិងជាអ្នកបម្រើប្រជាជន មានសុខភាពល្អ មិនស្ពឹកស្រពន់ មិនទាន់ឆ្អែតក្នុងការងារនិងមានប្រជាប្រិយដែលជាអ្នកមានសន្តានចិត្តស្រឡាញ់រាប់អានប្រជាជនក្នុងភូមិមិនឆ្មើងឆ្មៃ រើសអើង។
ដូចនេះសូមសំណូមពរចំពោះអស់លោកលោកស្រីដែលជាអ្នកបោះឆ្នោតនាឱកាសនេះសូមមេត្តាពិនិត្យពិចារណាចំពោះបេក្ខជនទាំងអស់ ហើយសម្រេចយកបេក្ខជនឈរឈ្មោះណាដែលខ្លួនស្រឡាញ់ យល់ឃើញថាជាមនុស្សឆ្នើមអាចជឿទុកចិត្តបាន ហើយជ្រើសរើសអ្នកដែលបាននិងកំពុងធ្វើជាក្រុមប្រឹក្សាឃុំផងបច្ចុប្បន្នជាយុវជនជាយុវនារីអាយុចាប់ពី ២៥ឆ្នាំដល់៤៥ឆ្នាំផងដែរ ជាមន្ត្រីបានចូលនិវត្តន៍ផងនិងជាព្រឹទ្ធាចារ្យក្នុងភូមិឃុំយើងផង ពោលគឺមានវ័យចំណាស់ មានវ័យក្មេង និងមានស្ត្រីផងដែរ ។
២-អំពីលក្ខខណ្ឌជ្រើសរើសនៅក្នុងបញ្ជីឈ្មោះជាសន្លឹកឆ្នោតនាពេលនេះមានឈ្មោះចំនួន២៧រូប ជាស្ត្រី៥រូប សូមជ្រើសរើសយកអ្នកដែលខ្លួនពេញចិត្តដូចបានរៀបរាប់ខាងលើតែ៩រូបប៉ុណ្ណោះ ក្នុងនោះជាយុវជន៣រូបនិងសូមឱ្យមានស្ត្រីផង។
៣-បៀបគូសសន្លឹកឆ្នោត៖ មុនបង្អស់សូមមេត្តាពិនិត្យសន្លឹកឆ្នោតគឺសន្លឹកឆ្នោតដែលបោះត្រាគណបក្សឃុំសង្កាត់ជាសម្គាល់។ បន្ទាប់មកផ្ទៀងផ្ទាត់ឈ្មោះនិងរូបថតបេក្ខជនឱ្យបានច្បាស់លាស់ រួចគូសគាំទ្រក្នុងគំនូសបួនជ្រុងតូចតាមចំនួននៃការកំណត់ខាងលើ ហើយយកទៅដាក់ក្នុងប្រអប់ឆ្នោតនៅខាងមុខតែម្ដង។ ក្នុងការបោះឆ្នោតស្ទាបស្ទង់នេះអនុញ្ញាតឱ្យសាកសួរគណៈអធិបតីនូវចម្ងល់ឬភាពមិនច្បាស់លាស់នូវខ្លឹមសារខាងលើឬអាចប្ដូរសន្លឹកឆ្នោតវិញបានក្នុងករណីគាំទ្រខុសឬសន្លឹកឆ្នោតរហែកឬប្រឡាក់ មិនអនុញ្ញាតឲ្យចូលជជែកសាកសួរគ្នាអំពីការគូសគាំទ្របេក្ខជនឡើយ ហើយក៏មិនអនុញ្ញាតឲ្យប្រើទូរស័ព្ទទាក់ទងដើម្បីចង់ដឹងការផ្ដល់យោបល់អំពីការគាំទ្របេក្ខជនណាម្នាក់នោះឡើយ។លោកបន្តថា លោកជឿជាក់ទាំងស្រុងចំពោះអស់លោកលោកស្រីជាអង្គបោះឆ្នោតស្ទាបស្ទង់ប្រាកដជាជ្រើសរើសបាននូវបេក្ខជនឆ្នើមពិតប្រាកដសម្រាប់ឈរឈ្មោះបោះឆ្នោតឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះ។
ក្នុងឱកាសនោះលោកក៏បានណែនាំដល់សមាជិកបក្សឃុំគ្រួសឲ្យអនុវត្តតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នូវវិធានការ ៣កុំ ៣ការពារ ដើម្បីចូលរួមការពារពីការឆ្លងជំងឺ កូវីដ-១៩ដ៏កាចសាហាវនេះ៕
ដោយ៖ យឹម សុថាន