ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះអាវុធមួយគ្រាប់បណ្ដាលឱ្យបុរសម្នាក់ជាចុងភៅរងរបួសបែកចិញ្ចើមខាងស្ដាំហូរឈាមស្រោចពេញខ្លួន

ចែករំលែក៖

   ភ្នំពេញ៖ ស្នូរផ្ទុះអាវុធមួយគ្រាប់បណ្ដាលឱ្យបុរសជាចុងភៅម្នាក់រងរបួសបែកចិញ្ចើមខាងស្ដាំហូរឈាមស្រោចខ្លួនដោយសារតែការប្រើហិង្សាពីក្រុមជនដៃដល់មួយក្រុម។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៦និង៥០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំណុចមុខហាងផឹកស៊ីមួយកន្លែងយីហោម្លប់ស្បូវមាត់ព្រែក999 ភូមិព្រែកប្រាក់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

   ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នេះគឺផ្ដើមចេញពីប្រពន្ធដើមបាននាំកូន ក្មួយ និងបក្សពួករបស់កូនប្រហែល៧ទៅ៨ នាក់បានទៅរករឿងអុកឡុក និងជេរនៅមុខហាងរបស់នារីម្នាក់មានវ័យប្រហែលជាង៣០ឆ្នាំដែលជាម្ចាស់ហាងយីហោម្លប់ស្បូវមាត់ព្រែក999 ដែលគេស្គាល់ថាជាស្រីកំណាន់ចិត្តរបស់ប្តីជាជនបង្ក។ ពេលកំពុងមានរឿងឈ្លោះប្រកែកគ្នានោះមានចុងភៅម្នាក់បានចេញមកសម្របសម្រួលក៏ត្រូវបានប្រពន្ធដើមរួមជាមួយកូនហើយនិងក្មួយព្រួតគ្នាវាយចុងភៅបណ្ដាលឲ្យបែកចិញ្ចើមខាងស្ដាំឈាមហូរស្រោចពេញខ្លួនតែម្តង។ ពេលនោះស្រាប់តែមានបុរសម្នាក់ទៀតដែលជាគ្នីគ្នាខាងជនបង្កបានទាញកាំភ្លើងបាញ់ឡើងលើចំនួន១គ្រាប់ គំរាមម្ចាស់ហាង។ ក្រោយកើតហេតុជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីជួយធ្វើអន្តរាគមន៍ ហើយក៏បានឃាត់ខ្លួនប្រពន្ធដើមរួមជាមួយកូននិងក្មួយចំនួន៤នាក់ ដើម្បីចូលខ្លួនទៅស្រាយបំភ្លឺរឿងករណីផ្ទុះអាវុធ និងប្រើហិង្សាដោយចេតនាទៅលើចុងភៅបណ្តាលឲ្យមានរបួសដើម្បីដោះស្រាយនិងសងសំណងទៅជនរងគ្រោះជាចុងភៅ។

   ចំណែកអ្នកដែលផ្ទុះអាវុធ ខាងជំនាញកំពុងតែសាកសួរអ្នកទាំងនោះដើម្បីកំណត់អត្តសញ្ញាណនិងស្រាវជ្រាវឈានទៅឃាត់ខ្លួនបន្ត៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖