ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុនម៉ានី : (មាសសុទ្ធមិនខ្លាចភ្លើង)

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានមានប្រសាសន៍យ៉ាងដូច្នេះថា(មាសសុទ្ធមិនខ្លាចភ្លើង) ។ លោកថ្លែងបែបនេះបន្ទាប់ពីរដ្ឋសភាបន្តប្រជុំដើម្បីពិភាក្សា និងអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ប្រធានស្ថាប័នកំពូលទាំង៤ និងរបៀបវារៈ៣ផ្សេងទៀត។ 

តំណាងរាស្ត្ររូបនេះបានបន្តថា, ព្រះរាជាណាចក្រកម្ពុជា

ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី

សូមអរគុណសន្តិភាព!

១)​ មាសសុទ្ធមិនខ្លាចភ្លើង

➢ ជាការបញ្ជាក់យ៉ាងច្បាស់ចំពោះមុខប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស ពីការតាំងចិត្ត និងការដាក់ចិត្តមួយ ថ្លើមមួយ មិនមានរារែកណាមួយ ក្នុងការដាក់តម្កល់ និងបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនដោយឥតលក្ខខណ្ឌ។ មិនថា កន្លងមក​ បច្ចុប្បន្ន និងតទៅអនាគត ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ ជាពិសេស សម្តេចតេជោនាយករដ្ឋមន្រ្តី ប្តេជ្ញាការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រកាន់នយោបាយការបរទេស ឯករាជ្យ សន្តិសហវិជ្ជមាន ដែលអាចនិយាយមួយបែបទៀតថា ជាកិច្ចសហប្រតិបត្តិការផ្អែកលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក និងផ្អែកទៅលើនយោបាយ ឈ្នះ ឈ្នះ សម្រាប់ប្រទេស និងប្រជាជនរៀងៗខ្លួន។

 

២) គួររំលឹកដែរថា គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន

➢ ជាពិសេសនៅក្នុងដំណាក់កាលដែលលំបាកបំផុតក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ មានតែ

រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា របស់គណបក្សប្រជាជនទេ ដែលបានយកជីវិតធ្វើជាដើមទុនក្នុងការរំដោះប្រទេស និងប្រជាជន ហើយបានបន្តដឹកនាំដោយមានការចូលរួមពីឥស្សរជនទាំងក្នុង និងក្រៅប្រទេស ដែលមានឆន្ទៈចូលរួមអភិវឌ្ឍប្រទេសជាតិពិតប្រាកដ។ គណបក្សប្រជាជន តម្កល់ផលប្រយោជន៍ជាតិជាចម្បងនៅគ្រប់

កាលៈទេសៈ ជាពិសេស សម្ដេចតេជោនាយករដ្ឋមន្រ្តី ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា តែងតែស្វាគមន៍គ្រប់ភាគីទាំងអស់ដែលមានឧត្ដមគតិ និងសមត្ថភាព មកចូលរួមក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សប្រជាជន និងចក្ខុវិស័យគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

៣) វិសោធនកម្មគឺដើម្បី «ផលប្រយោជន៍ជាតិ និងសន្ដិសុខជាតិ»

➢ ការចែងក្នុងច្បាប់កំពូលរបស់ប្រទេសយើងឲ្យបានច្បាស់ដោយតម្រូវឲ្យតួនាទីកំពូលទាំង ៤ ដែលជាតួនាទីមានសិទ្ធិសម្រេចជោគវាសនា និងមាគ៌ាប្រទេសជាតិ ត្រូវមានសញ្ជាតិខ្មែរតែមួយ គឺមានគោលដៅតែមួយគត់ គឺការដាក់ចិត្ត និងតាំងចិត្តបម្រើប្រទេស និងប្រជាជនខ្មែរដោយឥតលក្ខខណ្ឌ ក្នុងនោះមិនឲ្យបរទេសមួយណាយកគំនិត ឬផលប្រយោជន៍នយោបាយរបស់ប្រទេសផ្សេងមកជះឥទ្ធិពលទៅលើសិទ្ធិសម្រេចក្នុងតួនាទីទាំង៤។

➢ ហេតុអ្វីទៅជាមានការមិនគាំទ្រ ហើយមានប្រតិកម្ម និងការអធិប្បាយផ្សេងៗជាបន្តបន្ទាប់ ហាក់បីដូចជាចង់ការពាររឿងអនុញ្ញាតឲ្យតួនាទីទាំង ៤ មានសញ្ជាតិលើសពីមួយ ដែលអាចឲ្យបរទេសជះឥទ្ធិពលមនោគមន៍វិជ្ជារបស់គេ មកលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

➢ តើពាក្យថា បម្រើប្រទេសជាតិដោយឥតលក្ខខណ្ឌនិយាយបាន តែធ្វើមិនបានឬយ៉ាងណា? តើមិនអាចលះបង់សញ្ជាតិផ្សេង ដើម្បីបម្រើប្រជាជនខ្លួនឯងដោយឥតលក្ខខណ្ឌឬយ៉ាងណា? 

ដោយ៖ សុខ ខេមរា


ចែករំលែក៖