ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុយ វណ្ណៈ បានចែករំលែកនូវបទពិសោធន៍ល្អៗ ដល់ អ្នកសារព័ត៌មាន ដើម្បីបន្តការផ្សព្វផ្សាយចែករំលែកគំនិតល្អៗ ជ្រួតជ្រាបដល់ប្រជាពលរដ្ឋបានដឹង និងយល់ !

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានចែករំលែកនូវបទពិសោធន៍ល្អៗ ដល់ អ្នកសារព័ត៌មាន ដើម្បីបន្តការផ្សព្វផ្សាយចែករំលែកគំនិតល្អៗ ជ្រួតជ្រាបដល់ប្រជាពលរដ្ឋបានដឹង និងយល់ ។ 

លោក ហ៊ុយ វណ្ណៈ បានមានប្រសាសន៍ថា, «ចិត្ត & គំនិត» មានទំនាក់ទំនងគ្នាដូចម្តេច?

១/ ក្រុមគ្រួសារនិងសង្គម រៀបចំបញ្ជូនកូនពលរដ្ឋ ឱ្យបានសិក្សារៀនសូត្រចាប់តាំងពី មតេយ្យសិក្សា រហូតដល់ថ្នាក់បណ្ឌិត គឺក្នុងបំណងបង្កើនគុណភាពចំណេះដឹង (hard skill) ហៅថា ពុទ្ធិ «គំនិត»។

២/ ជាមួយគ្នា មនុស្សគ្រប់រូប គួរខិតខំហ្វឹកហាត់បន្ថែមលើ «ចិត្ត» ដើម្បីបណ្តុះ «ចិត្តល្អ» (kindness) ចិត្តបុណ្យ។ មានសំណួរលើកឡើងថា៖ ពួក ប៉ុល ពត រៀនសូត្រចេះដឹង តែហេតុអ្វី ក៏សាហាវ ព្រៃផ្សៃ អមនុស្សធម៌? គឺដោយសារអវត្តមាននៃ «ចិត្តល្អ & ចិត្តមេត្តា» នេះហើយ។ 

លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានលើកឡើងថា, ខ្ញុំសោកស្តាយ ដែលផ្នែកខ្លះនៃសង្គម គឺអ្នកនយោបាយជ្រុលនិយមសព្វថ្ងៃ សាបព្រួសនូវវប្បធម៌ហិង្សា ភាសាពាល។ តិចឬច្រើន ចរិតហិង្សា មានឥទ្ធិពលចូលក្នុងផ្នត់គំនិត ផ្លូវចិត្ត នៃអ្នកមានកំហឹង អ្នកឆាប់ខឹង អ្នកច្រណែន អ្នកមានចរិតព្យាបាទ ដែលវាបញ្ជា ចិត្ត ឱ្យធ្វើផ្តេសផ្តាស រហូតអ្នកខ្លះត្រូវជាប់គុកច្រវ៉ាក់ ដោយសារ ចិត្តព្រហើន របស់ខ្លួន។ បើអាជ្ញាធរមិនយកច្បាប់អនុវត្ត នោះភាពអាណាធិបតេយ្យសង្គម កើតមាន។ ដើម្បីសង្គមថ្លៃថ្នូរ មិនអាចបណ្តោយឱ្យ ចិត្តស្អប់ ចិត្តខឹង មានអំណាចទេ ព្រោះវានាំទៅការបំផ្លាញ។ ចិត្តព្យាបាទ ជំងឺព្យាបាទ គឺគ្រោះថ្នាក់ណាស់។

៣/ «ចិត្ត» មានឥទ្ធិពល និងតម្លៃដូចម្តេច? សីលធម៌សង្គមជារួម គឺឆ្លុះបញ្ចាំងតាមរយៈ ចរិយាធម៌ របស់ពលរដ្ឋ។ មេរៀនពលរដ្ឋវិជ្ជា មានសារៈសំខាន់ណាស់។ យើងធ្លាប់លឺមានការរិះគន់ថា អ្នកខ្លះមានរថយន្តទំនើប តែមនុស្សមិនថ្លៃដូចរបស់ បើកបរមិនគោរពច្បាប់? មានរឿងរ៉ាវជាច្រើនទៀតដែល ចិត្ត នាំមនុស្សឱ្យធ្វើរឿងមិនត្រឹមត្រូវ ទាំងក្នុងសេដ្ឋកិច្ច នយោបាយ និងជាតិនិយម។ ខ្លះសួរថា ហេតុអ្វីអ្នកខ្លះមិនចេះជួយអាសារគ្នា? ចម្លើយ គឺមកពីអត់ ចិត្ត។ គំនិតមាន លទ្ធភាពមាន តែអ្វីដែល ក្រ បំផុតគឺ ចិត្ត។

៤/ ចិត្ត និង គំនិត មានទំនាក់ទំនងគ្នាដូចម្តេច? គំនិតជាទម្រង់ ជាគោលដៅ ហើយ ចិត្ត គឺជាគុណតម្លៃបន្ថែម។ ទាំងពីរនេះអាស្រ័យគ្នា ទៅវិញទៅមក ដោយមិនអាចខ្វះគ្នាបាន។ មាន ចិត្ត តែអត់ គំនិត គេហៅថា ធ្វើបុណ្យអត់សីល។ មានគំនិត តែអត់ចិត្ត ក៏គ្មានតម្លៃ។ យើងធ្លាប់ឮពាក្យថា ខ្លះរៀនសូត្រខ្ពង់ខ្ពស់ មានទ្រព្យច្រើន តែមាយាទអន់។ លោកបន្តថា, ពាក្យថា មាយាទ អន់ គឺសំដៅដល់ ចិត្ត អន់នេះឯង។ ចិត្តល្អ មានតម្លៃខ្ពស់ណាស់។ វាមានឥទ្ធិពលលើអាកប្បកិរិយាមនុស្ស និងសង្គម។ បណ្តុះកូនចៅឱ្យរៀនសូត្រខ្ពង់ខ្ពស់ គឺត្រឹមត្រូវហើយ។ បងប្អូនខ្លះមិនមានលទ្ធភាពរៀនសូត្រច្រើន តែជាពលរដ្ឋមាន ចិត្តល្អ នោះគឺជាបុណ្យដ៏ប្រសើរ។ យើងធ្លាប់ឃើញ គេផ្សាយវីដេអូអប់រំ អ្នកក្រខ្សត់សង្គ្រោះជីវិតអ្នកមាន។ អត់ លុយ តែមាន ចិត្ត គឺប្រសើរជាងមានលុយ តែអត់ ចិត្ត។ ចិត្តល្អ បង្កើតសង្គមមួយពោរពេញដោយ ធម៌ ដោយក្តីមេត្តា សុខដមរមនា សណ្តោស សន្តិភាព និង វិបុលភាព៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖