ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលអន្តោប្រវេសន៍បានបើកកិច្ចប្រជុំពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការចងសម្ព័ន្ធមេត្រីភាពជាមួយអគ្គកុងស៊ុលនៃព្រះរាជាណាចក្រថៃ ប្រចាំខេត្តសៀមរាបនៅវេលាម៉ោង១៤និង២០នាទីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ។
សមត្ថកិច្ចបានបញ្ជាក់ថាៈ មន្ត្រីប៉ុស្តិ៍បានទទួលស្វាគមន៍ និងសំណេះសំណាលពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ និងចងសម្ព័ន្ធមេត្រីភាពជាមួយអគ្គកុងស៊ុលនៃព្រះរាជាណាចក្រថៃប្រចាំខេត្តសៀមរាប នៅសាលប្រជុំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។
ភាគីកម្ពុជាៈ ដឹកនាំដោយលោកវរសេនីយ៍ឯក ចាន់ ស៊ីម៉េត ដោយមានការចូលរួមពីលោកនាយរងប៉ុស្តិ៍ នាយផ្នែក-នាយរងផ្នែក និងមន្ត្រីអង្គភាពទេសចរណ៍។
ភាគីថៃដឹកនាំដោយលោកPASUKUN TEERA-OUTAKORN អគ្គកុងស៊ុលនៃព្រះរាជាណាចក្រថៃ ប្រចាំខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធមួយចំនួន និងនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ។
កិច្ចពិភាក្សាបានផ្ដោតការយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការ និងការទប់ស្កាត់ការជួញដូរមនុស្សខុសច្បាប់ ពិសេសចំពោះពលរដ្ឋថៃដែលស្នាក់នៅធ្វើការងារតាមក្រុមហ៊ុននានាក្នុងក្រុងប៉ោយប៉ែត ពេលពួកគាត់ជួបនឹងបញ្ហាផ្សេងៗត្រូវផ្ដល់ព័ត៌មានជូនគ្នាទៅវិញទៅមកដើម្បីរួមគ្នាដោះស្រាយនិងការពារសុវត្ថិភាពជូនពួកគាត់ ។
ក្នុងនោះដែរ លោក PASUKUN TEERA-OUTAKORN បានសំណូមពរមកភាគីកម្ពុជាពេលដែលបញ្ជូនពលរដ្ឋថៃចេញពីប្រទេស សូមផ្ដល់ព័ត៌មានចំនួន ០៣ថ្ងៃមុន ដើម្បីភាគីថៃរៀបចំក្រុមការងារទទួលយកពលរដ្ឋខ្លួនបានទាន់ពេលវេលា ។
កិច្ចពិភាក្សាបានបញ្ចប់នៅវេលាម៉ោង ១៥:២០នាទី នារសៀលថ្ងៃដដែល ៕
ដោយ៖ វណ្ណា