ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខេត្ត​កណ្ដាល​ ចុះស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនជាតិចិនម្នាក់​ ក្នុងចំណោម​បក្ខពួក​៣នាក់​ ពាក់ពន្ធ័​ករណីឃាតកម្ម​វាយសម្លាប់ជនជាតិចិន

ចែករំលែក៖

ខេត្តកណ្ដាល៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​ បានឱ្យដឹងនៅរសៀលថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០២៤នេះថា​ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់​ ក្នុងចំណោម​បក្ខពួក​៣នាក់​ បន្ទាប់ពី​ធ្វេីសកម្មភាពវាយសម្លាប់ជនជាតិចិនម្នាក់​ បណ្ដាលឱ្យ​ស្លាប់​អាណោចអាធ័ម​ក្នុង​ទឹក​ទន្លេ​ ហើយ​ព្យាយាម​រត់​គេច​ខ្លួន​បាត់​ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១១​ និង៣០នាទី​ព្រឹក​ នៅចំណុចច្រាំងទន្លេបាសាក់ ស្ថិតនៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពដដែលបន្តថា​ ជនរងគ្រោះឈ្មោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ អាចជាជនជាតិចិន (ស្លាប់)។

ចំណែក​ជនសង្ស័យចំនួន០៣នាក់​ រួមមាន​៖​ ១.ឈ្មោះ XU LIU MIN ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន សញ្ជាតិចិន មានទីលំនៅភូមិយ៉ាងជ័ង សង្កាត់យ៉ាងគូ ស្រុកឈី ខេត្តហឺណាន ប្រទេសចិន សព្វថ្ងៃស្នាក់នៅកាស៊ីណូកាន់ដាវ បន្ទប់លេខ៨៨ ជាន់ទី០៨ ភូមិលេខ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ឃាត់ខ្លួន) ។ គ្មានសាធាតុញៀននូវក្នុងនោមអវិជ្ជមាន (-) និងធ្លាប់ជាប់ពន្ធនាគារ ប្រទេសចិន រយៈពេល២ឆ្នាំ ពីបទៈហិង្សាដោយចេតនា។​ ២.ឈ្មោះ OUYANG JIANKIN ហៅ (Da Jian) ភេទប្រុស អាយុជាង៥០ឆ្នាំ ជនជាតិចិន សញ្ជាតិ កាន់លិខិតឆ្លងដែនលេខ EH5861290  មានស្រុកកំណើត ខេត្តហឺណាន ប្រទេសចិន ស្នាក់នៅក្នុងកាស៊ីកានដាវ ភូមិលេខ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (គេចខ្លួន)។ និង៣.ជនជាតិចិន មិនស្គាល់អត្តសញ្ញាណ ភេទប្រុស​ (គេចខ្លួន)។ 

វត្ថុតាងចាប់យក៖​ ទូរស័ព្ទ០១គ្រឿងម៉ាក Samsung  ZFold5 ពណ៌ស ។

សូមជម្រាបជូនថា​ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោងកើតហតុខាងលើ ជនរងគ្រោះនិងជនសង្ស័យទាំង០៣នាក់ បានជិះឡានម៉ាក TOYOTA ALPHARD ឡើងតែមម៉ាក Lexus LM350 ពណ៌ស មានលេខតួAYH30-0019843 លេខម៉ាស៊ីន2ARH641705 ពាក់ផ្លាកលេខ ភ្នំពេញ 2BW-8905 (ប្រភេទទេសចរណ៍) ជាមួយគ្នាពីភូមិជ្រៃធំ ទៅខេត្តប៉ៃលិន ដើម្បីយកជនរងគ្រោះទៅធ្វើការនៅកាស៊ីណូនៅទីនោះ ដោយធ្វើដំណើរពីទិសខាងត្បូងទៅទិសខាងជើង ដោយឈ្មោះ DA JAIN ជាអ្នកបើកឡាន ជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យជនជាតិចិនចំនួន០៣នាក់ បានឈប់រថយន្តវ៉ៃជនរងគ្រោះតែម្នាក់ឯង ពេលនោះជនរងគ្រោះបានបើកទ្វាររថយន្ត រត់ចូលផ្ទះប្រជាពលរដ្ឋនៅជិតនោះឱ្យជួយ រួចបានពួនក្រោយបន្ទប់ទឹកហើយ ស្រាប់តែពេលនោះ មានជនសង្ស័យជនជាតិចិនចំនួន០២នាក់ ឈ្មោះ DA JIAN និងឈ្មោះ XU LIU MIN បានរត់តាមជនរងគ្រោះ ចំណែកជនសង្ស័យជនជាតិចិន០១នាក់ទៀត បានឈប់រថយន្តនៅលើផ្លូវជាតិរង់ចាំ ពេលនោះជនរងគ្រោះបានឃើញជនសង្ស័យទាំង០២នាក់ រត់តាម ខ្លួនក៏បានលោតចូលទៅក្នុងទឹកទន្លេបាសាក់ ហែលទឹកបានចម្ងាយប្រហែល០៥ម៉ែត្រ ពីច្រាំងទន្លេ ស្រាប់តែមានជនសង្ស័យឈ្មោះ DA JIAN បានលោតចូលទៅទឹកទៅតាមដែរ ហែលទឹកតាមជនរងគ្រោះ រួចជនសង្ស័យបានវ៉ៃ និងបោចសក់ចាប់ច្រមុជទឹកជនរងគ្រោះបណ្តាលឱ្យស្លាប់នៅក្នុងទឹកទន្លេ រួចឈ្មោះ XU LIU MIN បានចាប់ទាញដៃ ឈ្មោះ DA JIAN ឡើងពីច្រាំងទន្លេ ឡើងជិះរថយន្តគេចខ្លួន ទៅទិសខាងជើងបាត់ទៅ។ ក្រោយមកមានប្រជាពលរដ្ឋ រាយការណ៍ជូនសមត្ថកិច្ច ភ្លាមនោះកម្លាំងព្រហ្មទណ្ឌស្រុកសហការជាមួយផ្នែកអន្តោប្រវេសន៍ស្រុកស្អាង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខែល បានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវកំណត់ភិនភាគមុខសញ្ញា និងរថយន្តដែរជនសង្ស័យជិះធ្វើសកម្មភាព។

     លុះដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១២ថ្ងៃត្រង់ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌខេត្តកណ្ដាល សហការជាមួយជំនាញព្រហ្មទណ្ឌស្រុកស្អាង និងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ XU LIU MIN យកមកធ្វើការសាកសួរ និងធ្វើការស្វែងរកបក្ខពួកជនសង្ស័យបង្កយកមកកសាងសំណុំរឿងតាមនីតិវិធី។

យោងតាមចម្លើយសារភាព ជនសង្ស័យបានឆ្លើយថាខ្លួននិងបក្ខពួក០២នាក់ទៀត បានចេញពីកាស៊ីណូឈ្មោះ កាន់ ដាវ ស្ថិតនៅខេត្តព្រះសីហនុ ដើម្បីទៅយកជនរងគ្រោះពីក្រុងសំពៅពូន យកទៅធ្វើការនៅកាសស៊ីណូនៅខេត្តប៉ៃលិន។  ពេលធ្វើដំណើរដឹកជនរងគ្រោះចេញពីជ្រៃធំ មកដល់ចំណុចកើតហេតុឈ្មោះ Da Jain និងជនរងគ្រោះបានឈ្លោះប្រកែកគ្នាលើឡាន រួចជនរងគ្រោះបានលោតចុះពីលើឡាន រួចរត់ចូលទឹក ខ្លួននិងឈ្មោះ Da Jain បានដេញតាមពីក្រោយហើយឈ្មោះ Da Jain ក៏លោតចូលទឹកហែលតាម ០៨នាទីក្រោយ ទើបឈ្មោះនេះ ងើបពីទឹក ក៏នាំគ្នាប្រញ៉ាប់ប្រញាលរត់គេចខ្លួនទៅខេត្តព្រះសីហនុ វិញ។ 

     បច្ចុប្បន្នជនសង្ស័យរួមតាំងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

ដោយ​៖ស្អាង​ជ័យ​


ចែករំលែក៖