ភ្នំពេញ ៖ កម្លាំងសមត្តកិច្ចការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនបុរសម្នាក់ជាថៅកែរកស៊ីទិញលក់រថយន្តម្នាក់ កាលពីរសៀលថ្ងៃទី២៤ ខែតុលា រួចបញ្ជូនទៅតុលាការ ពាក់ព័ន្ធបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញ ដូរបានករណីប្រើប្រាស់មូលប្បទានបត្រអត់មានសាច់ប្រាក់(សែកស្អុយ)ប្រមាណជាង២០ម៉ឺនដុល្លារអាមេរិក ។
សមត្ថកិច្ចបានឲ្យដឹងថា ថៅកែទិញលក់រថយន្តនោះឈ្មោះ ផាត វុទ្ធី ហៅ ជ្រុយ ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរលក់ ដូរ មានទីលំនៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
បុរសដែលជាថៅកែទិញលក់រថយន្តខាងលើនេះ បានរងនូវពាក្យបណ្តឹងមួយ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ដែលមានអ្នកស្រីឈ្មោះ គិត ផល្លី បានប្តឹងនៅសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកងរាជអាវុធរាជធានីភ្នំពេញ ដោយចោទប្រកាន់ជនសង្ស័យថា ប្រើប្រាស់សែកស្អុយលើទឹកប្រាក់ប្រមាណជាង២០ម៉ឺនដុល្លារអាមេរិក (២១២.១៨០ ដុល្លារ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ ក្នុងអំឡុងឆ្នាំ២០២០ នឹងឆ្នាំ ២០២១ នេះ ។
តាមពាក្យបណ្តឹងបានបញ្ជាក់ថា ឈ្មោះ ផាត វុទ្ធី បានទៅខ្ចីប្រាក់ពីម្ចាស់បំណុលចំនួន៣លើក សរុបជាទឹកប្រាក់៤៦៣.៣០០ ដុល្លារអាមេរិក ដោយយកទៅទិញរថយន្តចំនួន ១១គ្រឿង ដើម្បីដាក់តាំងលក់បានផលចំណេញ យកប្រាក់ទៅសងដើមបណ្តឹងវិញ ។ ប៉ុន្តែនៅពេលថៅកែឡាននោះលក់រថយន្តអស់ហើយ ជនសង្ស័យមិនបានបង្វិលប្រាក់ឲ្យទៅដើមចោទគ្រប់ចំនួនទេ គឺនៅខ្វះជាង២០ម៉ឺនដុល្លារអាមេរិកទៀត ហើយជនស ង្ស័យបានប្រើប្រាស់ មូលប្បទានបត្រ២សន្លឹកឲ្យទៅដើមបណ្តឹងដែលសុទ្ធតែជាសែកស្អុយ មិនមានទឹកប្រាក់តម្កល់ក្នុងធនាគារ ថែមទាំងគេចវេសនឹងបំណុលនោះ ទើបត្រូវគេប្តឹង ។
នៅដំណាក់ កាលស៊ើបសួរ ថៅកែទិញ.លក់រថយន្ត ដែលរងនូវបណ្តឹងព្រហ្មទណ្ឌនេះ បានទទួលស្គាល់ការពិតយ៉ាងដូច្នោះមែន តែលុយនោះខ្លួនបានសងទៅដើមបណ្តឹងជាបន្តបន្ទាប់ នឹងតាមដំណាក់កាលដែរ មិនមានគំនិតទុច្ចរិតមិនសងទេ គ្រាន់តែពេលវេលានេះមានគេទិញរថយន្ត នៅជំពាក់វ័នករដោះស្រាយមិនទាន់ចេញដូចគ្នាទេ ។
បច្ចុប្បន្នជនត្រូវចោទកំពុងស្ថិតក្នុងដំណាក់កាលស្ថាប័នអយ្យការសាលាដំបូងកំពុងបើកការស៊ើបសួរនៅឡើយ៕
ដោយ៖ រ៉ារ៉ា