ភ្នំពេញ៖ មានការចាប់អារម្មណ៍ជាពន់ពេកក្រោយពីតារាសម្តែងកញ្ញា ហេង ស្រីពេជ្រ បានបង្ហោះសារឈឺចាប់ និងមានទុក្ខធំក្រោយពីប្អូនប្រុសបង្កើតរបស់នាងបានស្លាប់បាត់បង់ជីវិតព្រោះតែករណីឃាតកម្មមួយ ដែលវាបានកើតមានឡើងកាលពីរាត្រីថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២១នៅក្នុងទីរួមខេត្តកំពង់ស្ពឺ។
នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាសម្តែងហេង ស្រីពេជ្រក៏បានធ្វើការបង្ហោះនូវរូបថត និងវីដេអូសកម្មភាពក្រុមក្មេងស្ទាវដែលជិះម៉ូតូជាច្រើនគ្រឿងដេញកាប់សម្លាប់ប្អូនប្រុសបង្កើតរបស់នាងយ៉ាងព្រៃផ្សៃបំផុត។ សារនិងវីដេអូនេះក៏លេចចេញនូវការបញ្ចេញយោបល់ជាច្រើនដែលបង្ហាញពីការព្រួយបារម្ភលើសន្តិសុខនៅក្នុងទីរួមខេត្តកំពង់ស្ពឺដែលមានក្មេងទំនើងបង្កសកម្មភាពបែបនេះ និងមានការស្នើដល់មន្ត្រីមានសមត្ថកិច្ច មេត្តាជួយពិនិត្យលើសកម្មភាពក្មេងទំនើងទាំងនោះផង។ ជាមួយគ្នានេះដែរក៏មានការចែករំលែកសាររំលែកទុក្ខជាហូរហែទៅកាន់តារាសម្តែងរូបនេះ ។ យុវជនដែលបានស្លាប់ឈ្មោះថៃ មករាអាយុ៣០ឆ្នាំ ដែលគេស្គាល់ថាជាប្អូនប្រុសបង្កើតរបស់តារាសម្តែង ហេង ស្រីពេជ្រ ។តារាសម្តែងរូបនេះបានបញ្ជាក់ដោយខ្លីថា ប្អូនប្រុសរបស់នាងបានទទួលមរណភាពកាលពីវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ក្រោយពីត្រូវក្មេងមួយក្រុមកាប់រហូតស្លាប់បាត់បង់ជីវិត។
នាងបញ្ជាក់ថា ក្រុមជនដៃដល់បានរត់គេចខ្លួនក្រោយធ្វើសកម្មភាពកាប់មកលើប្អូនប្រុសរបស់នាងរួច ហើយនាងចាត់ទុកថាជារឿងអយុត្តិធម៌សម្រាប់ក្រុមគ្រួសារនាងដែលត្រូវជួបរឿងបែបនេះ ព្រោះតែប្អូនប្រុសរបស់នាងដែលមានមុខរបរជាអ្នកលក់ត្រីនិងសាច់អាំង ជាមនុស្សស្លូតបូតតែបែរជាមកជួបរឿងអយុត្តិធម៌ដែលនាងនិងក្រុមគ្រួសារពិបាកទទួលយកបាន។ នាងថារហូតមកដល់ព្រឹកថ្ងៃទី២៥ ខែតុលានេះសមត្ថកិច្ចនៅមិនទាន់អាចស្វែងរកជនដៃដល់ចាប់យកមកផ្តន្ទាទោសបាននៅឡើយទេ ហើយនាងនិងក្រុមគ្រួសារពិតជាជួបទុក្ខធំនិងពិបាកទទួលយកលើការស្លាប់បាត់បង់ជីវិតភ្លាមៗរបស់ប្អូនប្រុសដែលបានទទួលមរណភាពចោលប្រពន្ធកូនសាច់ញាតិទាំងមិនបានលានិងជួបរឿងអយុត្តិធម៌បែបនេះ ដោយនាងស្នើឲ្យមន្ត្រីមានសមត្ថកិច្ចនៅទីរួមខេត្តកំពង់ស្ពឺជួយស្វែងរកយុត្តិធម៌សម្រាប់ក្រុមគ្រួសារសពផងចុះ។
សារព័ត៌មានរបស់យើងក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះទៅកាន់តារាសម្តែង ហេង ស្រីពេជ្រ និងក្រុមគ្រួសារដែលបានបាត់បង់សាច់ញាតិភ្លាមៗបែបនេះ។ សូមដួងវិញ្ញាណក្ខន្ធរបស់ប្អូនថៃ មករា ធ្វើដំណើរទៅកាន់ទីស្ងប់សុខកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ វឌ្ឍនា