ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិត លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបគម្រប់ ១៧ ព្រះវស្សា នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ

ចែករំលែក៖

ភ្នំពេញ៖ សារលិខិត លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបគម្រប់ ១៧ ព្រះវស្សា នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២១។

សារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ! 

បពិត្រព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង ក្នុងទិវាដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីខួបលើកទី១៧ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់ នៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មានទាំងមូល សូមព្រះបរមរាជានុញ្ញាត សម្ដែងថ្វាយនូវមនោសញ្ចេតនា សាទរយ៉ាងក្លៀវក្លា និងសូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រសិទ្ធពរជ័យបវរមហាប្រសើរថ្វាយ ចំពោះព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សូមព្រះអង្គប្រកបដោយព្រះរាជសុខភាពពេញបរិបូរ ព្រះកាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ ដើម្បីព្រះអង្គគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់របស់ប្រជានុរាស្ត្រទូទាំងប្រទេស ។ ព្រះករុណា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវស្វាមីភក្តិឥតងាករេ ដង្ហែតាមព្រះរាជកិច្ចដឹកនាំដ៏ភ្លឺស្វាងរបស់ព្រះករុណា ថ្លៃវិសេស និងមានជំនឿយ៉ាងមុតមាំលើព្រះបញ្ញាញាណ ប្រកបដោយព្រះទសពិធរាជធម៌ និងព្រះសក្តានុពល យ៉ាងត្រចះត្រចង់ ក្នុងព្រះរាជបេសកកម្មបំរើជាតិ មាតុភូមិអង្គរដ៏បវរនៃយើង ។ នេះគឺជាមោទនភាពមួយដ៏ឧត្តុង្គឧត្តម សម្រាប់ទូលព្រះបង្គំយើង ខ្ញុំទាំងអស់គ្នា ក៏ដូចជាប្រជារាស្ត្រកម្ពុជាទាំងមូល ដែលមានព្រះអគ្គមគ្គុទ្ទេសក៍ដ៏ប្រសើរថ្លៃថ្លាមួយព្រះអង្គ ប្រកបដោយ ព្រះបញ្ញាញាណឈ្លាសវៃ និងស្នេហាស្មោះស្ម័គ្រចំពោះជាតិ មាតុភូមិ យកព្រះទ័យទុកដាក់បំរើប្រជានុរាស្ត្ររបស់ព្រះអង្គនៅ ទូទាំងនគរ ជាពិសេសព្រះអង្គបានយកព្រះទ័យទុកដាក់ខ្ពស់អំពីជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជានុរាស្ត្រ ក្នុងគ្រាដែល ព្រះរាជាណាចក្រកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលមានការរីករាលដាលជាសកល ។

ឆ្លៀតឱកាស់ដ៏មហោឡាវ័កនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុង លោក មានទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយ៉ានី និងព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ សូមប្រសិទ្ធពរជ័យបរមហាប្រសើរ ថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គ ប្រកបដោយព្រះរាជសុខភាពពេញបរិបូរ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ ដើម្បីព្រះអង្គគង់ប្រថាប់ នៅជាម្លប់ដ៏ត្រជាក់របស់ប្រជានុរាស្ត្រជាយូរអង្វែង តរៀងទៅ ។

សេចក្តីគួរពុំគួរ សូមព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់ព្រះមេត្តាប្រោស ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖