កាលពីថ្ងៃទី២៤ខែតុលា មហាសន្និបាតសុខាភិបាលអន្តរជាតិ បានរៀបចំឡើងនៅទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់ ។ នេះជាវេទិកាអន្តរជាតិដ៏សំខាន់ស្តីពីសុខភាពពិភពលោកដែលបានរៀបចំឡើងក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងការឆ្លងកូវីដ-១៩ ទ្រង់ទ្រាយធំ ដោយឆ្លងរាលដាលទៅលើមនុស្សជាតិជាង២៤៤លាននាក់និងស្លាប់ជិត៥លាននាក់ ។
ប្រមុខដឹកនាំអង្គការសុខភាពពិភពលោក WHO បានបញ្ជាក់នៅក្នុងកិច្ចប្រជុំថា «ជំងឺរាតត្បាតនៅយូរទៀតទើបបញ្ចប់ ប៉ុន្តែលទ្ធភាពដែលយើងអាចបញ្ចប់វាគឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់យើង»។
មានប្រសាសន៍តាមអនឡាញនៅក្នុងកិច្ចប្រជុំ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវដល់ពិភពលោកទាំងមូលពិសេសគឺប្រទេសអ្នកមានចែកចាយវ៉ាក់សាំងឱ្យបានសមហេតុសមផល ។ លោកព្រមានថា អាត្មានិយមវ៉ាក់សាំងនិងការរក្សាទុកវ៉ាក់សាំងច្រើននឹងធ្វើឱ្យពិភពលោកធ្លាក់ក្នុងសភាពគ្រោះថ្នាក់ ។ លោកបន្តទៀតថា ពិភពលោកត្រូវការទឹកប្រាក់៨ពាន់លានដុល្លារដើម្បីធានាក្នុងការចែកចាយវ៉ាក់សាំងប្រកបដោយតម្លាភាព។
ក្នុងពេលជាមួយគ្នានេះដែរ អគ្គលេខាធិការអង្គការសុខភាពពិភពលោក Tedros Adhanom Ghebryesus បានអំពាវនាវដល់បណ្តារដ្ឋាភិបាលនិងក្រុមហ៊ុនផលិតវ៉ាក់សាំង ត្រូវតែផ្គត់ផ្គង់វ៉ាក់សាំងឱ្យបានច្រើនជាងនេះដើម្បីចែកជូនប្រទេសងាយរងគ្រោះបំផុតដោយកូវីដ-១៩ ។ លោកបន្តទៀតថា ជារៀងរាល់សប្តាហ៍មានមនុស្សប្រមាណ៥ម៉ឺននាក់ស្លាប់ ហើយជំងឺឆ្លងកូវីដ-១៩ អាចនឹងនៅយូរទៀតទើបបញ្ចប់។
កិច្ចប្រជុំស្តីពីសុខភាពនេះធ្វើឡើងក្នុងរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី ២៤ដល់ថ្ងៃទី ២៦ខែតុលា ដោយមានការចូលរួមពីអ្នកជំនាញសុខាភិបាល៦ពាន់នាក់មកពីជាង១០០ប្រទេសជុំវិញពិភពលោក៕
ដោយ៖ធីរីណា(រូបថត៖Xinhua)