ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកដីបើកបុកម៉ូតូសណ្តោងរ៉ឺម៉កបណ្តាលឱ្យស្រី្តម្នាក់ស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសាររថយន្តបែនដឹកដីមួយគ្រឿងបានបើកបុកម៉ូតូសណ្តោងរ៉ឺម៉កដែលកំពុងឈប់ចាំភ្លើងស្តុបពណ៌ខៀវបណ្តាលឱ្យស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថី ឈ្នះ=ឈ្នះ កែងផ្លូវហាណូយ ក្នុងភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះ ជា ចាន់ណា ភេទស្រី អាយុ៤០ឆ្នាំ មុខរបរអ្នកលក់ត្រី ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់ស្នោ ខណ្ឌកំបូល។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្រ្តីខាងលើធ្វើដំណើរដោយម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងក្នុងទិសដៅពីលិចទៅកើតរហូតមកដល់ចំណុចភ្លើងស្តុបបំបែកផ្លូវហាណូយក៏ឈប់រងចាំភ្លើងស្តុបពណ៌ខៀវ ស្របពេលនោះក៏មានរថយន្តបែនដឹកដីមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3A-9330 ធ្វើដំណើរស្របទិសគ្នាមកពីក្រោយបានបុកពេញទំហឹងបណ្តាលឲ្យស្រ្តីខាងលើស្លាប់ភ្លាមៗ រួចរថយន្តបង្កហេតុព្យាយាមបើករត់បានប្រហែល១០០ម៉ែត្រទើបឈប់រួចអ្នកបើកបរបានចុះរត់គេចបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចរាចរណ៍របស់ស្នងការដ្ឋានរាជធានីភ្នំពេញបានចុះធ្វើការវាស់វែងយកយានយន្តទាំងពីរគ្រឿងទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ ចំណែកសពប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ និនសុភ័ស្ត


ចែករំលែក៖