យ៉ាងហោចណាស់ក៏មានមនុស្ស ២៥នាក់ ក្នុងនោះមានក្មេងវ័យជំទង់ជាច្រើនរូបផងដែរបានស្លាប់នៅក្នុងហេតុការណ៍ផ្ទុះបង្កឲ្យមានគ្រោះអគ្គិភ័យឆាបឆេះរោងចក្រប្រេងខុសច្បាប់នៅក្នុងរដ្ឋ Rivers នៃប្រទេសនីហ្សេរីយ៉ា ។
លោក Ifeanyi Omano មន្ត្រីក្នុងតំបន់ Rumuekpe ស្ថិតនៅក្នុងខេត្ត Rivers បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា ហេតុការណ៍ផ្ទុះកើតឡើងនៅក្នុងរោងចក្រចម្រាញ់ប្រេងខុសច្បាប់ ហើយអ្នកស្លាប់អាចមានច្រើន ។ នៅពេលនេះក្រុមអ្នកជំនាញបានរកឃើញសាកសព២៥នាក់ ក្នុងនោះមានទាំងកុមារវ័យជំទង់ និងពលរដ្ឋមកពីតំបន់ផ្សេងៗមកធ្វើការនៅទីនេះផងដែរ។
សកម្មភាពចម្រាញ់ប្រេងខុសច្បាប់ តែងតែកើតឡើងជាបន្តបន្ទាប់ នៅក្នុងតំបន់វាលទំនាបក្នុងប្រទេសនីហ្សេរីយ៉ាដែលសម្បូរប្រេង ។ ពលរដ្ឋក្រីក្រតែងតែលួចប្រេងពីបំពង់បង្ហូរប្រេងយកទៅលក់យកប្រាក់មកចិញ្ចឹមជិវិត ។
នីហ្សេរីយ៉ាជាប្រទេសនាំប្រេងចេញធំបំផុតនៅក្នុងទ្វីបអាហ្វ្រិក ។ មន្ត្រីនីហ្សេរីយ៉ាបានប៉ាន់ប្រមាណថា ប្រទេសនេះបានបាត់បង់ប្រេងជាមធ្យម ២សែនបារ៉ែលក្នុងមួយថ្ងៃ គឺជាង ១០% ។ ការលួចប្រេង ក៏បានធ្វើឲ្យបរិយាកាសនៅក្នុងតំបន់នោះកាន់តែអ័ព្ទអួ៕
ដោយ៖ធីរីណា(រូបថត៖phunuonline.com.vn.)