ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាអាចនឹងមានភ្លៀងក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំខ្យល់កន្ត្រាក់ ដែល អាចបង្កជាជំនន់ទឹកភ្លៀងចំនួន១៤ រាជធានី-ខេត្ត !

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ក្នុងសប្តាហ៍ខាងមុខ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់ ។ បើយោងតាមសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ។

– ពីថ្ងៃទី២៧-២៨ ខែតុលា ឥទ្ធិពលពីសម្ពាធទាប
– ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី  ២៩-៣១ °C
– នៅថ្ងៃទី២៧-២៨ ខែតុលា អាចនឹងមានភ្លៀងក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំខ្យល់កន្ត្រាក់ ដែល  អាចបង្កជាជំនន់ទឹកភ្លៀងមានជាអាទិ៍ខេត្ត ៖ ព្រៃវែង , ស្វាយរៀង , កណ្តាល , តាកែវ , កំពង់ស្ពឺកំពង់ឆ្នាំង , ពោធិ៍សាត់ និងរាជធានីភ្នំពេញ ។  បន្ទាប់ពីនោះ ភ្លៀងអាចនឹងបន្តធ្លាក់ក្នុងកម្រិត ពីខ្សោយទៅមធ្យមតែប៉ុណ្ណោះ ។

២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
– សីតុណ្ហភាពអតិបរមា មានពី  ២៧-២៩ °C
– នៅថ្ងៃទី២៧-២៨ ខែតុលា អាចនឹងមានភ្លៀងក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំខ្យល់កន្ត្រាក់ អាចបង្កជាជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្តខេត្ត ៖ មណ្ឌលគិរី , ត្បូងឃ្មុំ និងកំពង់ចាម ។ បន្ទាប់ពីនោះ ភ្លៀងអាចនឹងបន្តធ្លាក់ក្នុងកម្រិត ពីខ្សោយទៅមធ្យមតែប៉ុណ្ណោះ ។

៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
– អាចនឹងមានភ្លៀងក្នុងកម្រិតពីមធ្យមទៅខ្លាំង លាយឡំខ្យល់កន្ត្រាក់ អាចបង្កជាជំនន់ទឹកភ្លៀងក្នុង
ភូមិសាស្រ្តខេត្តកំពត ខេត្តកោះកុង និងខេត្តព្រះសីហនុ ។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ និងរលកសមុទ្រខ្ពស់ បន្ទាប់ពីនោះ ភ្លៀងនឹងធ្លាក់ចុះក្នុងកម្រិត ពីខ្សោយទៅមធ្យមតែប៉ុណ្ណោះ ។

អាស្រ័យស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានជាយថាហេតុ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖