ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរទាំងក្បាលព្រលប់ខណ:ដែលលោកអនុប្រធានភូមិម្នាក់ត្រូវបានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបុកពេញទំហឹងបណ្ដាលឱ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្ត បន្ទាប់ពីលោកអនុប្រធានភូមិរូបនេះកំពុងជួយសម្រួលសណ្តាប់ធ្នាប់ពេលមានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូសណ្តោងរុឺម៉ក។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥៥នាទីល្ងាចថ្ងៃទី២៥ខែតុលាឆ្នាំ២០២១នៅចំណុចភូមិរោទ៍ ឃុំញ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង នៅលេីផ្លូវជាតិលេខ ៣១៤D ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៣-១៤។
បើតាមសមត្ថកិច្ចនគរបាលស្រុកកំពង់រោទ៍បានឱ្យដឹងថា ជនរងគ្រោះជាអនុភូមិមានឈ្មោះ ចាន់ សុខ ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិរោទ៍ ឃុំញ ។
សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុលោកអនុភូមិរងគ្រោះបានទៅជួយសម្រួលចរាចរណ៍នៅកន្លែងកេីតហេតុដែលម៉ូតូបុកនឹងម៉ូតូសណ្តោងរុឺម៉ក ស្រាប់តែមានរថយន្តមិនស្គាល់អត្តសញ្ញាណ១គ្រឿងបេីកបរពីទិសខាងត្បូងដោយប្រេីប្រាស់ល្បឿនលឿនបានមកបុកលោកអនុប្រធានភូមិពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចនិងសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តហើយក៏បានបាត់បង់ជីវិតតែម្ដង រីឯរថយន្តបង្កក៏បេីករត់គេចចេញពីកន្លែងកេីតហេតុបាត់ស្រមោលទៅ។
ខណៈនោះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ញ ក៏បានដេញតាម ប៉ុន្តែរថយន្តបង្កបានប្រេីប្រាស់ល្បឿនលឿនពេកដែលធ្វេីឲ្យកម្លាំងប៉ុស្តិ៍ដេញចាប់មិនទាន់ ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដោយសារអ្នកបេីកបរម៉ូតូឈ្មោះ ឡៃ គោ បានឈប់ចតម៉ូតូនៅប្របចិញ្ចេីមថ្នល់គ្មានភ្លើងបំភ្លឺផ្លូវ និងរថយន្តបង្កប្រេីប្រាស់ល្បឿនលឿន។
ក្រោយកើតហេតុសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖ យឹម សុថាន