ព័ត៌មានទាន់ហេតុការណ៍៖

បញ្ហាប្រឈមនៅរដូវធ្លាក់ភ្លៀង និងវិបត្តិនៃជំងឺកូវីដ-១៩​ ក្នុងអំឡុងសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប គឺមិនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការអង្គភាពសាងសង់ឡើយ

ចែករំលែក៖

ខេត្តសៀមរាប៖ លោក​ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹក​ថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ​ បានអញ្ជើញដឹកនាំកិច្ចពិភាក្សាលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ប្រធាន គណៈកម្មការខេត្ត អង្គភាពសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស មន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងស្ដាប់ការធ្វើបទបង្ហាញទាក់ទងនឹងបញ្ហាបច្ចេកទេស បញ្ហាប្រឈម សំណូមពររបស់ក្រុមទទួលបន្ទុកការងារសាងសង់នីមួយៗ សំដៅស្វែងរកដំណោះស្រាយ ក៏ដូចជាផ្ដល់អនុសាសន៍នានា ដើម្បីធានាឱ្យការសាងសង់ផ្លូវទាំង៣៨ខែ្សនេះមានគុណភាពខ្ពស់ស្របតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកធ្វើឱ្យបានរឹងមាំជាប់គង់វង្សយូរអង្វែង។

លោកទេសរដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល​ បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះអង្គភាពសាងសង់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនដោយយកចិត្តទុកដាក់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងបានផ្ដាំផ្ញើឱ្យភាគីពាក់ព័ន្ធទាំងអស់សហការ និងពិភាក្សាគ្នារិះរកបច្ចេកទេសល្អៗ ដើម្បីសាងសង់សង់ផ្លូវទាំង៣៨ខ្សែនេះឱ្យកាន់តែមានគុណភាពខ្ពស់ ហើយក្នុងករណីការសាងសង់កន្លងមកមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ត្រូវកែសម្រួលឱ្យត្រូវតាមបទដ្ឋានបច្ចេកទេសឡើងវិញ។ 

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងថា៖ វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបនេះ គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ឬរយៈពេលជាង ១១ខែ សម្រេចបាន៨៣,៨៧%នៃ ទំហំការងារសរុប (២% លឿនជាងផែនការ)។ គម្រោងនេះគ្រោងបញ្ចប់ការស្ថាបនា នៅចុងខែធ្នូ ឆ្នាំ ២០២១ខាង មុខនេះ។

គួរកត់សម្គាល់ផងដែរថា៖ បញ្ហាប្រឈមនៅរដូវធ្លាក់ភ្លៀង និងវិបត្តិនៃជំងឺកូវីដ-១៩ក្នុងអំឡុងសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប មិនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការអង្គភាពសាងសង់ឡើយ ដោយហេតុថាគ្រប់អង្គភាពទាំងអស់បានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនយ៉ាងសកម្ម ដើម្បីជំរុញការងារស្ថាបនាឱ្យសម្រេចតាមផែនការដែលបានគ្រោងទុក៕

ដោយ​៖សហការី​


ចែករំលែក៖