ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ អាស៊ាន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជំរុញដល់ថ្នាក់ដឹកនាំអាស៊ានទាំងអស់ឱ្យ ពិចារណាពីលទ្ធភាពបញ្ជូលប្រទេសទីម័រខាងកើតចូលជា សមាជិកទី១១នៃសមាគមឱ្យបានឆាប់ ដើម្បីបញ្ចៀសការ ប្រជែងភូមិសាស្ត្រនយោបាយដែលបង្កគ្រោះថ្នាក់ដល់ សមាគមអាស៊ាន។ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុនសែន បានថ្លែងថា , អស់រយៈពេលជាច្រើនឆ្នាំមក ហើយដែលប្រទេសទីម័រខាងកើតបានបង្ហាញនូវការប្តេជ្ញា ចិត្តចូលសមាជិកសមាគម តែសម្រាប់សមាជិកអាស៊ាន ហាក់បីដូចជាមិនសូវយកចិត្តទុកដាក់ក្នុងការអនុញ្ញាត ដាក់បញ្ជូលជាសមាជិកខ្លួន ដែលសម្តេចតេជោបាន បង្ហាញក្តីបារម្ភថាអាចនឹងធ្វើឱ្យទីម័រខាងកើតចាកចេញ វិញ។
សម្ដេចតេជោបានថ្លែងទៀតថា៖ «ខ្ញុំមានកង្វល់ថានៅពេល ណាមួយក្នុងក្របខណ្ឌការប្រជែងភូមិសាស្ត្រនយោបាយ ហើយអាស៊ាននៅតែទុកទីម័រឡេស្តនៅដាច់ដោយឡែក នេះជាបញ្ហាដែលយើងគួរព្រួយបារម្ភដែលធ្វើឱ្យទីម័រឡេស្ត នឹងរើសទីកន្លែងដែលអាចពឹងពាក់បានក្រៅពីអាស៊ាន។ ខ្ញុំស្នើឱ្យពន្លឿនការសម្រេចចិត្តខាងនយោបាយរបស់យើង ក្នុងការចូលរួមក្នុងក្រមខណ្ឌអាស៊ានរបស់យើង» ។
ប្រទេសកម្ពុជា ជាប្រទេសក្នុងអាស៊ានមួយដែលគាំទ បេក្ខភាពទីម័រខាងកើតខ្លាំងជាងគេ ដោយសារសម្ដេចតេជោ កាលពីឆ្នាំ២០០៦ធ្លាប់បានកត់សម្គាល់ថា ប្រទេសទីម័រខាងកើតគឺដូចទៅនឹងពេលដែលកម្ពុជាដាក់ ពាក្យចូលជាសមាជិកអាស៊ានដំបូង។
ចាប់តាំងពីទទួលឯករាជ្យពីប្រទេសឥណ្ឌូណេស៊ីនៅ ឆ្នាំ២០០២មក សាធារណរដ្ឋទីម័រខាងកើតបានបង្ហាញពី បំណងជាបន្តបន្ទាប់ក្នុងការចូលជាសមាជិកអាស៊ាន។
ក្នុងឆ្នាំ២០១១ ប្រទេសនេះបានដាក់ឯកសារជាផ្លូវការ ដើម្បីសុំចូលជាសមាជិកអាស៊ាន តែទោះជាយ៉ាងណា បំណងនេះមិនត្រូវបានស្វាគមន៍ដោយសមាជិកភាគច្រើន នោះទេ។ បច្ចុប្បន្នសាធារណរដ្ឋទីម័រខាងកើតមានឋានៈ ជាអ្នកសង្កេតការណ៍អាស៊ាន ខណៈក្រុមការងារអាស៊ាន កំពុងពិនិត្យទៅលើស្ថានភាពនយោបាយ សេដ្ឋកិច្ច និង វប្បធម៌របស់ប្រទេសនេះ មុននឹងសម្រេចថាអនុញ្ញាត ឬ មិនអនុញ្ញាតឲ្យចូលជាសមាជិក៕
ដោយ៖ សុខ ខេមរា