ខេត្តកោះកុង៖ បើតាមលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះថា៖ បានបេីកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន ៧នាក់ រួមនឹងគ្រឿងញៀន ប្រភេទ ហេរ៉ូអ៊ីនជាង ២០០ គីឡូក្រាម មកពីប្រទេសឡាវ ត្រៀមនាំចេញ ទៅប្រទេសថៃ។
លោកស្នងការនគរបាលខេត្តកោះកុង បានឱ្យដឹងទៀតថា ជនសង្ស័យខាងលើនេះ ព្រមទាំងវត្ថុតាងគ្រឿងញៀនរាប់រយគីឡូនេះ ត្រូវបានធ្វេីពិធីបង្ហាញមុខជនសង្ស័យ ក្រោមវត្តមានលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ ក្រោយសមត្ថកិច្ចបង្រ្កាប នៅស្រុកស្រែអំបិល កាលពីថ្ងៃទី២២ តុលាកន្លងទៅ ហេីយក្រុមនេះ គឺជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏ធំមួយ មកពីប្រទេសឡាវ នាំចេញ ទៅប្រទេសថៃ។
លោកឧត្តមសេនីយ៍ទោ គង់ មនោ បានបន្ថែមថា ក្នុងដំណើរការ នៃប្រតិបត្តិការបង្រ្កាប និងបន្តការស៊ើបអង្កេតនេះ គឺប្រេីរយៈពេលអស់ ៣ថ្ងៃ ទើបដឹងព័ត៌មានលម្អិតថា មានសកម្មភាពជួញដូរគ្រឿងញៀន គឺពុំមែនដឹកជញ្ចូនមកពីប្រទេសថៃ ចូលមកកម្ពុជានោះទេ ពោលគឺជនសង្ស័យបានដឹកចេញពីប្រទេសឡាវ ឆ្លងកាត់ខេត្តផ្សេងៗ របស់កម្ពុជា រហូតដល់ខេត្តកោះកុង ដែលមានបំណងចង់នាំចេញទៅលក់ នៅប្រទេសថៃ។
លោកស្នងការ បានឱ្យដឹងទៀតថា សមត្ថកិច្ចជំនាញរបស់លោក បានឃាត់ខ្លួនមេខ្លោងចំនួន ២នាក់ ជាជនជាតិថៃ ព្រមទាំងសារធាតុញៀនទម្ងន់ ២១២,៤ គីឡូក្រាម រឹបអូសរថយន្ត ១ គ្រឿង ទូកនេសាទធុនធំ ១គ្រឿង ហើយបន្តឈានទៅឃាត់ខ្លួនមនុស្សពាក់ព័ន្ធ ៥នាក់ផ្សេងទៀតផង។
គួរកត់សម្គាល់ថា នេះជាការបង្រ្កាបបទល្មើសជួញដូរគ្រឿងញៀន លក្ខណៈទ្រង់ទ្រាយធំ លើកទី១ ហើយ ក្នុងតំណែងដឹកនាំ ដោយលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្ថិតនៅ ចំណុចកន្លែងកើតហេតុ ចំនួន ២ មាត់ពាមស្រែអំបិល ភូមិកំពង់ស្តាំ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។
ដោយឡែកបេីតាមការបញ្ជាក់ពីព្រះរាជអាជ្ញារងសាលាដំបូងខេត្តកោះកុង លោក អេង ចាន់ភារ៉ា បានឱ្យដឹងដែរថា ការបង្ក្រាបមួយនេះ គឺជាការបង្ក្រាបទ្រង់ទ្រាយធំ ដោយមិនមានការផ្ទុះអាវុធ ។ មុខសញ្ញាដែលឃាត់ខ្លួន បាន មានខ្យែបណ្តាញ នាំចូលមកពីប្រទេសឡាវ ឆ្លងកាត់តាមខេត្តស្ទឹងត្រែង ខេត្តព្រះសីហនុ ចូលមកខេត្តកោះកុង ឆ្ពោះទៅគោលដៅ នៅឯប្រទេសថៃ។
បច្ចុប្បន្នជនសង្ស័យ ៧ នាក់ រួមទាំងវត្ថុតាង ត្រូវបានអយ្យការ សាលាដំបូងខេត្ត ចោទប្រកាន់ ពីបទរក្សាទុក ដឹកជញ្ចូន ឬជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន មាត្រា ៤០ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ ដាក់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ ឬផ្តន្ទាទោស អស់មួយជីវិត ហើយពិន័យជាថវិកា ៤០ លាន ដល់ ១០០ លានរៀល៕
ដោយ៖សហការី